(ក្រុងម៉ូណាកូ)៖​ កីឡាករខ្សែការពារកណ្តាល​ Virgil van Dijk បានឈ្នះពានក្នុងនាមកីឡាករលេងល្អបំផុតប្រចាំទ្វីបអឺរ៉ុប​ ឆ្នាំ២០១៩​ Men’s Best Player of the Year ដែលត្រូវបានប្រកាសនាយប់មិញនេះ​ ក្នុងកម្មវិធីចាប់ពូល​ UEFA Champions League នៅទីក្រុង​ Monaco ប្រទេសបារាំង

នេះក៏ជាលេីកទី១ផងដែរសម្រាប់ខ្សែការពារដែលឈ្នះពានប្រចាំឆ្នាំនេះ​ គិតចាប់តាំងពីពានេះបានបង្កេីតដំបូងក្នុងឆ្នាំ២០១១​ មក​ គ្រាដែល​ Cristiano Ronaldo ធ្លាប់ឈ្នះ៣ដង​ Lionel Messi បាន២ដង​ និង​ Andres Iniesta, Franck Ribery និង​ Luka Modric បានម្នាក់ម្តងដូចគ្នា

កីឡាករសញ្ជាតិហូឡង់​ វ័យ២៨ឆ្នាំ​ Van Dijk មានសំឡេងគាំទ្រឈ្នះដាច់គូប្រជែង​ Ronaldo មកពីក្លឹប​ Juventus និង​ Messi មកពី​ FC Barcelona ដែលជាបេក្ខភាព៣នាក់ចុងឡេីងមកដល់ជុំផ្តាច់ព្រ័ត្រក្នុងការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ​ គ្រូបង្វឹក​ មិត្តរួមក្រុម​ និងមន្រ្តីក្លឹបនានានៅទូទាំងទ្វីបអឺរ៉ុបតែម្តង

គុណសម្បត្តិរបស់​ Virgil van Dijk មុនឈ្នះពាន​ Men’s player of the year នេះ​ គឺរូបគេជួយក្លឹបអង់គ្លេស​ ហង្សក្រហម​ Liverpool រងជេីងឯក​ Premier League និងឈ្នះពានធំ​ UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩​ ជាមួយនឹងការជួយជម្រេីសជាតិហូឡង់រងជេីងឯកពាន​ UEFA Nations League ថែមទៀតផង​ ក្រោយចាញ់ព័រទុយហ្គាល់នៅវគ្គផ្តាច់ព្រ័ត្រនោះ៕