(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមហ្វឹកហាត់ជាផ្លូវការហើយនាវេលាម៉ោង ៤៖៣០នាទីល្ងាច នេះ នៅទីលាន AUPP ដើម្បីត្រៀមជួបក្រុមជម្រើសជាតិហុងកុង ក្នុងជើងទី១ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ ២០២២ នៅកាតា វគ្គជម្រុះជុំទី២-តំបន់អាស៊ី ពូល C (FIFA World Cup Qatar 2022) នាថ្ងៃទី០៥ ខែកញ្ញាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ។

ការប្រមូលផ្ដុំនេះ បានធ្វើឡើងភ្លាមៗ ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ប្រកាសបញ្ជីឈ្មោះកីឡាករបឋម នៃក្រុមគោព្រៃកម្ពុជា ពោលគឺក្រោយចប់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ វគ្គ ១/៤ ផ្ដាច់ព្រ័ត្រកាលពីម្សិលមិញ។ ការហាត់ថ្ងៃដំបូងនេះដែរ ដឹកនាំដោយគ្រូបង្វឹកលោក Felix G.Dalmas មិនមានវត្តមាន លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមគោព្រៃចូលរួមនោះទេ។

គួរបញ្ជាក់ថា សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់នេះ គឺមានកីឡាករ ៣៥នាក់ចូលរួម ដែលត្រូវបានកោះហៅមកពីក្លឹបចំនួន ៩ រួមមានវិសាខា ១០នាក់, ភ្នំពេញក្រោន ៦នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់, ណាហ្គាវើល ៤នាក់, បឹងកេត ៤នាក់, ក្រសួងការពារជាតិ ៣នាក់ ខណៈកីឡាករអង្គរថាយហ្គឹរ, គិរីវង់ និងសាលាបាល់ទាត់ជាតិបាទីម្នាក់ៗដូចគ្នា។ ប៉ុន្ដែក្នុង ចំណោមពួកគេនឹងត្រូវជម្រុះទុក ២៣នាក់ប៉ុណ្ណោះ ដើម្បីត្រៀមតតាំងជាមួយហុងកុងនាសប្ដាហ៍ក្រោយ និងបន្ដជួប បារ៉ែន នាថ្ងៃទី១០ ខែកញ្ញាខាងមុខ៕