(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងត្រេកអរ សម្រាប់តារាសម្ដែងស្រីនិយមបញ្ចេញភាពសិចស៊ី​គឺ កញ្ញា វ៉ាន់ វល័ក្ខ ត្រូវបានលោកស្រី ញ៉ែម មរកត ជាអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចាត់ទុកតារាស្រីរូបនេះ គឺជាកូនធម៌ដ៏ល្អម្នាក់សម្រាប់លោកស្រី ថែមទាំងបន្តដឹកនាំ និងបង្រៀន វ៉ាន់ វល័ក្ខ ឲ្យចេះចែករំលែកធនធាន ដែលខ្លួនមានជួយដល់អ្នកខ្វះខាត និងផ្ដល់ក្ដីស្រឡាញ់ដ៏ជនពិការ កុមារគរថ្លង់ ឲ្យបានកាន់តែច្រើនថែមទៀត។

ជាការពិតណាស់ បើទោះបីជា​ជាប់ឈ្មោះជាតារាសម្ដែងស្រីសិចស៊ី ចូលចិត្តបញ្ចេញរូបភាពស្រើបស្រាល លេចលើលេចក្រោម ក៏ពិតមែន តែតារាសម្ដែង វ៉ាន់ វល័ក្ខ ក៏តែងតែដើរធ្វើនូវសកម្មភាពមនុស្សធម៌ ជួយដល់សង្គម​ជាមួយនឹងជំទាវៗ ដែលមានតួនាទីក្នុងសង្គម។ ជាក់ស្ដែងដូចជាលោកស្រី ញ៉ែម មរកត ដែលជាអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីជាដើម រហូតទទួលបានការកោតសរសើរ និងទទួលបានការស្រឡាញ់ ពីលោកស្រីថែមទៀត ។

លើសពីនេះទៅទៀត តាមរយៈការចូលរួមធ្វើកិច្ចការសង្គមជាច្រើនកន្លងមក ដែលតារាស្រីរូបនេះបានធ្វើវាចេញពីបេះដូង ដោយមិនមានការរើសអើង ស្អប់ខ្ពើម ដល់ជនពិការ ឬក៏កុមារគថ្លង់ នោះឡើយ ដែលសកម្មភាពទាំងអស់នេះ ពិតជាធ្វើឲ្យលោកស្រី ញ៉ែម មរកត ស្រឡាញ់រូបនាងជាខ្លាំង រហូតធ្វើឲ្យលោកទទួលយកនាង ធ្វើជាកូនធម៌ទៀតផង​។

​តារាស្រី​ វ៉ាន់ វល័ក្ខ បានថ្លែងប្រាប់ពីក្ដីរំភើប និងមានមោទនភាពជាខ្លាំង តាមរយៈសារអេឡិចត្រូនិច ដែលមានសំណាង ក៏ដូចជាមានកិត្តិយស ត្រូវបានលោកស្រី ស្រឡាញ់នាងដូចជាកូនបង្កើតបែបនេះ​។ ជាមួយគ្នានេះ នាងក៏បានថ្លែងអំណរគុណដល់លោកស្រី ញ៉ែម មរកត និងប្ដេជ្ញាចិ​ត្តជាខ្លាំង ថានឹងបន្តជួយកិច្ចការសង្គមជាមួយនឹងម្ដាយធម៌នាង ទៅតាមលទ្ធភាព ដែលនាងអាចធ្វើទៅបាន​។

គួររំឭកដែរថា កញ្ញា វ៉ាន់ វល័ក្ខ គឺជាតារាសម្ដែងស្រីមួយរូប ដែលចូលចិត្តបញ្ចេញភាពសិចស៊ី បញ្ចេញរាងកាយ នៅលើបណ្ដាញសង្គម ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីទស្សនិកជន។ តែយ៉ាងណា​ស្រីស្អាតរូបនេះ ក៏តែងតែលេចមុខជារឿយៗ ក្នុងការដើរជួយការងារក្នុងសង្គមជាច្រើនហូរហែ​ ដែលសកម្មភាពនោះ ធ្វើឲ្យនាងមានសំណាង ត្រូវបានលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ចាត់ទុកនាងជាកូនធម៌​តែម្ដង​៕