(ភ្នំពេញ)៖ រយៈពេលជិតមួយខែទៀតប៉ុណ្ណោះ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យសាសនាដ៏ធំនឹងចូលមកដល់ ដោយក្នុងនោះក៏មានបណ្តាផលិតកម្មនានា កំពុងដុតដៃដុតជើង ផលិតបទចម្រៀង សម្រាប់រាំលេងកំសាន្តពេលឈប់សម្រាកក្នុងថ្ងៃភ្ជុំបិណ្ឌនោះផងដែរ។ ជាក់ស្តែង ពេលនេះតារាសម្តែង និងតារាចម្រៀងរបស់ផលិតកម្មថោនជាច្រើន បានរួមដៃគ្នា​ថត MV ចម្រៀងប្រពៃណីខ្មែរ ដោយមើលទៅម្នាក់ៗពិតជាសប្បាយរីករាយ និងខំប្រឹងប្រែងថតយ៉ាងខ្លាំង។

វត្តមានតារាចូលរួមគេឃើញមាន ខេម, សុន ស្រីពេជ្រ, រ៉ូលីន, កាតុ, លោក គន់ រៀមរតនៈ ហៅចែរ៉ូហ្សា, យ៉ែម ស្រីពេជ្រ ព្រមទាំងតារាប្រុសល្បីមួយចំនួនទៀត​។ កាន់តែពិសេសជាងនេះ គ្រប់តារាប្រុសស្រីទាំងអស់ សុទ្ធតែបង្ហាញពីទឹកមុខសប្បាយរីករាយ ពេលមានឱកាសត្រូវបានផលិតកម្មថោន ផ្តល់ឱកាសឲ្យ ក្នុងការបង្ហាញមុខតាមរយៈចម្រៀងថ្មី​។

ទស្សនិកជន​ដែលបានឃើញនូវរូបភាពក្រៅឆាក របស់តារាប្រុសស្រីដែលកំពុងថត MV ហើយនោះ ក៏បានបង្ហាញក្តីរំពឹងថា នឹងបានស្តាប់នូវចម្រៀងពីរោះៗរបស់ផលិតកម្ម ថោន និងរាំលេងកំសាន្តសប្បាយ ក្នុងឱកាសឈប់សម្រាក នៅថ្ងៃភ្ជុំបិណ្ឌខាងមុខនេះ៕