(ភ្នំពេញ)៖ តារាសម្តែងស្រីតែងតែលេចវត្តមានក្នុងភាពយន្តខ្នាតធំ កញ្ញា សួង ស៊ីធឿន កំពុងមានទុក្ខធំ ខណៈថ្ងៃភ្ជាប់ពាក្យជិតចូលមកដល់ តែអកុសលគូស្នេហ៍​ជាទីស្រឡាញ់របស់នាង បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។ ពិតណាស់ នៅសល់ប្រមាណជាង២ខែទៀតប៉ុណ្ណោះ តារាសម្តែងស្រីល្បីឈ្មោះកញ្ញា សួង ស៊ីធឿន ត្រូវភ្ជាប់ពាក្យជាផ្លូវការជាមួយលោក សូ តារា ដែលជាគូស្នេហ៍ហើយ ដោយមុនភ្ជាប់ពាក្យតារាស្រីរូបនេះ បានបង្ហាញរូបភាពផ្អែមល្ហែមដោយបើកចំហររហូត ធ្វើឲ្យមានការកោតសរសើរខ្លាំងពីស្នេហាមួយនេះផងដែរ។ តែយ៉ាងណាពេលនេះ ទស្សនិកជនបានត្រឹមចូលរួមរំលែកទុក្ខ និងសោកស្តាយជំនួសតារាស្រីរួបនេះ ឲ្យនាងកាត់ចិត្ត និងទទួលយកការពិត កុំឲ្យដូចពាក្យមួយឃ្លារពោលថា «ព្រាត់រស់មិនសូវឈឺចាប់ តែព្រាត់ស្លាប់ទទួលយកមិនបាន»

ពាក់ព័ន្ធនឹងដំណឹងមរណភាពរបស់គូស្នេហ៍ កញ្ញា សួង ស៊ីធឿន មិនអាចទំនាក់ទងផ្តល់បទសម្ភាសន៍បានទេ ថានេះជារឿងពិត ឬយ៉ាងណា។ ទោះបែបនេះក្តី តែលោក ចាន់ណា រ៉ូណាន ដែលជាផលិតករមួយរូប និងជាអ្នកជិតស្និតនឹងកញ្ញា សួង ស៊ីធឿន បានប្រាប់ Fresh News ថា «ដំណឹងនេះមិនមែនជាការសម្តែងភាពយន្តអ្វីនោះទេ ពោលគឺជារឿងពិត ដោយគូស្នេហ៍កញ្ញា សួង ស៊ីធឿន បានទទួលមរណភាព ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបែកចាន»

បើតាមដឹង សួង ស៊ីធឿន នឹងភ្ជាប់ពាក្យជាមួយគូស្នេហ៍នៅខែ១១ ខាងមុខហើយ តែពេលជួបរឿងបែបនេះ មិនថារូបនាងទេ សូម្បីទស្សនិកជន​ក៏ខ្លោចចិត្តជំនួសដែរព្រោះគូស្នេហ៍បណ្តូរចិត្ត ធ្លាប់ផ្អែមល្ហែមនឹងគ្នា បែបជាព្រាត់ដោយសាររឿងអកុសលបែបនេះទៅវិញ៕