(កូរ៉េ)៖ កីឡាការិនី ហុង គឹមហួយ បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាតុងហ្គីលម៉ូតូជើង ឯកកម្រិតពិភពលោក World Chhung Ju Martial Art Mastershit 2019 លើកទី២ នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីឈ្នះ ២ប្រកួតជាប់គ្នាលើកីឡាការិនីនីហ្សេរីយ៉ា និងកីឡាការិនីម្ចាស់ផ្ទះកូរ៉េនៅព្រឹកថ្ងៃទី២៨ ខែសីហានេះ។

លោក ឈួន ចន្ថា គ្រូបង្វឹកកីឡាតុងហ្គីលម៉ូដូកម្ពុជាបានឲ្យដឹងថា សម្រាប់ប្រកួតដំបូងរបស់ ហុង គឹមហួយ នៅថ្ងៃបើកឆាកព្រឹត្តិការណ៍កម្រិតពិភពលោកនេះ គឹមហួយ បានយកឈ្នះកីឡាការិនីនីហ្សេរីយ៉ា ក្នុងលទ្ធផល ៨-៣ពិន្ទុ។ តែដល់ប៉ះកីឡាការិនីកូរ៉េ នាងបានយកឈ្នះទាំងលំបាក ពោលគឺត្រូវម្ចាស់ផ្ទះនាំមុខរហូត ៦ពិន្ទុមុន តែ គឹមហួយ បានព្យាយាមវាយរហូតតាមស្មើ និងយកឈ្នះ ៩-៦ពិន្ទុវិញ។

លោកបញ្ជាក់ថា តាមរយៈការផ្ដួលកីឡាការិនីជើងខ្លាំងទាំង ២រូបខាងលើ បានធ្វើឲ្យអតីតម្ចាស់មេដាយមាសពិភពលោក និងអាស៊ី ហុង គឹមហួយ មានមេដាយសំរឹទ្ធក្នុងដៃដោយស្វ័យប្រវត្តិ មុនបន្ដការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នារសៀលនេះ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ។ ជារួម គឹមហួយ ត្រូវការឈ្នះ ២ប្រកួតទៀតប៉ុណ្ណោះ នឹងទទួលបានមេដាយមាសពិភពលោក ដែលសាធារណរដ្ឋកូរ៉េ ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះ។

គួរបញ្ជាក់ថា បេសកកម្មនេះ សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានបញ្ជូនកីឡាករ ២នាក់ និងកីឡាការិនី ៣នាក់ ទៅចូលរួមប្រកួត ដោយបានចេញដំណើរតាំងពីថ្ងៃទី២៤ ខែសីហា ខណៈការប្រកួតគ្រោងធ្វើឡើង ២ថ្ងៃ នៅថ្ងៃទី២៩-៣០ ខែដដែលនេះ។ ក្រោយចប់ការប្រកួតប្រតិភូ និងអត្តពលិកកម្ពុជា គ្រោងត្រឡប់មកមាតុភូមិវិញនាដើមខែកញ្ញាខាងមុខ៕