(ភ្នំពេញ)៖ តារាម៉ូដែលប្រុសរូបសង្ហាទឹកមុខមានមន្តស្នេហ៍ លោក​ ដូរីកូ ត្រូវបានទស្សនិកជនដឹងថា ជាតារាពន្លកថ្មីមួយដួង ដែលមានភាពលេចធ្លោរខ្លាំង ក្នុងកម្មវិធីបង្ហាញម៉ូដនានា។ តារាប្រុសរូបនេះ បានធ្វើឲ្យទស្សនិកជនសំលឹងស្ទើរមិនដាក់ភ្នែក ពេលបង្ហាញរាងដ៏សង្ហារលើឆាកបង្ហាញម៉ូដម្តងៗ។ តែយ៉ាងណា សម្រាប់រឿងរ៉ាវក្រៅឆាកថា តើជីវិតរបស់លោកបានឆ្លងកាត់អ្វីខ្លះនោះ លោក ដូរីកូ នឹងមកបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ មកទល់នឹងពេលេនេះ លោក ដូរីកូ បានចូលរួមសម្តែងភាពយន្តបានមួយរឿងហើយ។ ក្រៅពីបង្ហាញម៉ូត លោកបានផ្តល់ឱកាសដល់ខ្លួនឯង​ជាមួយនឹងការងារដៃទៀត ដោយបើកទទួលការងារសម្តែងភាពយន្ត។ ទោះជាតារាពន្លកថ្មី មិនមានបទពិសោធន៍ក្នុងការសម្តែងច្រើនក៏ពិតមែន តែតារាប្រុសរូបនេះ មានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន នឹងត្រូវបានផលិតករផ្តល់ឱកាសឲ្យបញ្ចេញស្នាដៃដំបូងក្នុងរឿង «ឯណាខ្មោច» ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងកាលពីពេលកន្លងមកផងដែរ។

ដូច្នេះរាល់អាថ៌កំបាំងក្រៅការងារសិល្បៈ លោក ដូរីកូ នឹងមកបង្ហាញប្រាប់ដល់ទស្សនិកជន ឱ្យជ្រាប់កាន់តែច្បាស់ តាមរយៈការចូលរួម ជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះនឹងធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕