(ភ្នំពេញ)៖​ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ បានរកឃើញបេក្ខភាព ៤ក្រុមចុងក្រោយហើយ រួមមានក្រុមវិសាខា បឹងកេត ភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង ក្រោយប្រកួតកាត់សេចក្ដីជើងទី២ កាលពីម្សិលមិញ ខណៈក្រុមួយចំនួនបានត្រឹមខកចិត្ត ពិសេសក្រុមការពារតំណែងជើងឯក ក្រសួងការពារជាតិ ដែលភ្លាត់ចាញ់ភ្នំពេញក្រោនវិញ ។

ក្រុមវិសាខា បានបន្ដយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ១-០ នៅលើទឹកដីខេត្តតាកែវ ។ សរុបលទ្ធផល ២ជើង ក្រុមសម្បូរដោយកីឡាករជម្រើសជាតិនេះ បានយកឈ្នះក្រុមគិរីវង់ ៥-២ ។ ឯក្រុមព្រះខ័នរាជស្វាយរៀង ក៏ស្រដៀងគ្នាដែរ ដោយយកឈ្នះទាំង ២ជើងលើក្រុមអង្គរថាយហ្គឺរ បន្ទាប់ពីបន្ដលត់ ៤-០ ក្នុងដី កាលពីយប់មិញ នាំឲ្យក្រុម Conor Nestor ទម្លាក់ក្រុមមានមូលដ្ឋាន នៅខេត្តសៀមរាបនេះ ដោយលទ្ធផលសរុប ៦-០ ។

ចំណែកក្រុមភ្នំពេញក្រោន បានធ្វើឲ្យក្រុមក្រសួងការពារជាតិ ខកចិត្តជាខ្លាំង ក្រោយវាយបកឈ្នះ ក្នុងជើងទី២ ដោយលទ្ធផល ២-១ លើទឹកដីរបស់ខ្លួន ។ លទ្ធផលនេះ បានធ្វើឲ្យក្រុមទាំងពីរមានគ្រាល់ស្មើគ្នា ២-២ ព្រោះកាលពីជើងទី១ ក្រសួងការពារជាតិបានឈ្នះក្នុងដី ១-០ ។ ហេតុនេះ ក៏សម្រេចដោយការទាត់ប៉េណាល់ទីកាត់សេចក្ដី ខណៈលទ្ធផលភ្នំពេញក្រោន បានយកឈ្នះក្រសួងការពារជាតិ ៥-៤ ដែលធ្វើឲ្យក្រោនរីករាយជាខ្លាំង ។

ដោយឡែកក្រុមបឹងកេត បានឡើងវគ្គបន្ដទាំងលំបាក បន្ទាប់ពីត្រូវក្រុមសូលទីឡូអង្គរ វាយបនយកឈ្នះ ១-០ ក្នុងជើងទី២ ។ ប៉ុន្ដែដោយសារជើងទី១ ក្រុមលោក ហៅ សុជាតិ បានយកឈ្នះក្នុងដី ២-០ ទើបធ្វើឲ្យបឹងកេត យកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ២-១ នឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមវិសាខា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ។ ចំពោះពិធីចាប់គូប្រកួតវគ្គបន្ដ គ្រោងនឹងធ្វើនាពេលឆាប់ៗខាងមុខ៕