(ភ្នំពេញ)៖ ស្របពេលបញ្ជីឈ្មោះកីឡាករបឋមនៃក្រុមជម្រើសជាតិកម្ពុជា ត្រូវបានប្រកាសមុនកាលកំណត់កាលពី ល្ងាចមិញ អ្នកគាំទ្របានភ្ញាក់ផ្អើល​ជាមួយនឹងការអវត្តមានកីឡាករ ៣រូបដែលពួកគេតែងចូលរួម និងជួយក្រុមគោព្រៃកម្ពុជាពីមុនរួមមានកីឡាករ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និងកីឡាករ ធារី ចន្ថាប៊ីន។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់ដូចជា ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម ពួកគេបានបង្ហាញខ្លួនស្ទើរគ្រប់ប្រកួតទាំងលីគ និងពានសម្ដេចតេជោ ហ៊ុន សែន ពិសេស វឌ្ឍនាកា ទើបឈ្នះពានកីឡាករល្អប្រចាំខែថែមទៀត។ រីឯ ធារី ចន្ថាប៊ីន ក៏កំពុងប្រកបអាជីពជាមួយក្លឹប Terengganu FC នៃលីគកំពូលម៉ាឡេស៊ីផងដែរ។

ប៉ុន្ដែយ៉ាងណាគេមិនបានដឹងពីមូលហេតុពិតប្រាកដធ្វើឲ្យអ្នកទាំងបីគ្មានឈ្មោះក្នុងបញ្ជីបឋម ដើម្បីត្រៀមប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប៉ះក្រុមជម្រើសជាតិហុងកុងនោះទេ។ ចំពោះអ្នកគាំទ្រ ក៏នៅតែគោរពតាមការសម្រេចចិត្តរបស់គ្រូបង្វឹកលោក Felix និងលោក Keisuke Honda អ្នកការចាត់ទូទៅក្រុមគោព្រៃកម្ពុជាដែរ។

តែកាលពីពេលថ្មីៗ កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ធ្លាប់បានបញ្ជាក់ថា បច្ចុប្បន្នគេកំពុងសម្រាកព្យាបាលរបួស ហេតុនេះរឿងជាប់ជម្រើសជាតិ ឬអត់ គេទុកមួយឡែកសិន ពោលគឺ ធារី ព្យាយាមព្យាបាលរបួសខ្លួនឲ្យជាសិន តែបើរបួសមិនទាន់ជា ហើយជាប់ជម្រើសជាតិ មិនអាចជួយក្រុមបាន ក៏មិនកើតដែរ។

គួរដឹងថា ក្នុងបញ្ជីឈ្មោះបឋមនៃក្រុមគោព្រៃកម្ពុជាដែលត្រូវបានសហព័ន្ធប្រកាសល្ងាចមិញមានកីឡាករ ៣៥នាក់ មកពី ១០ក្លឹប ត្រូវបានកោះហៅត្រៀមប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីចម្រាញ់យកកីឡាករឆ្នើម ២៣នាក់ចុងក្រោយ ត្រៀមជួបហុងកុង នៅជើងទី១ ក្នុងវគ្គជម្រុះជុំទី២-តំបន់អាស៊ីនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា ពូល C នាថ្ងៃទី០៥ ខែកញ្ញាខាងមមុខនៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕