(ភ្នំពេញ)៖ ជាថ្មីម្តងទៀត កុមារាកម្ពុជា ធុច សាលិក បានបង្ហាញវត្តមានក្នុងកម្មវិធីមួយនៅប្រទេសចិន ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកចូលរួមផ្ទាល់ និងមហាជនក្នុងបណ្តាញសង្គម។ តាមរយៈការសាកសួរពីសំណាក់ពិធីករក្នុងកម្មវិធីនោះ កុមារា ធុច សាលិក បាននិយាយពីប្រវត្តរបស់ខ្លូនយ៉ាងក្បោះក្បាយជាភាសាចិន និងបង្ហាញពីក្តីសង្ឃឹមយ៉ាងមុតមាំផងដែរ។ តាមរយៈការទៅសិក្សាចំណេះវិជ្ជានៅប្រទេសចិនពេលនេះផងដែរ កុមារា ធុច សាលិក បានបង្ហាញក្តីស្រមៃរបស់ខ្លួនលើឆាកកម្មវិធីថា អនាគតរបស់គាត់នៅថ្ងៃខាងមុខ នឹងដើរទន្ទឹមជាមួយជនជាតិចិន។ គ្រាន់តែនិយាយបែបនេះភ្លាម ធ្វើឲ្យអ្នកចូលរួមបង្ហាញពីមោទនភាពយ៉ាងខ្លាំងចំពោះរូបគាត់ ព្រោះដំបូងឡើយត្រឹមតែជាក្មេងលក់វត្ថុអនុស្សាវរីយ៍ តែមានមហិច្ឆតា និងទេពកោសល្យខ្ពស់។

ជាការពិត តាមរយៈផេករបស់ក្រសួងអប់រំ យុវជន និងកីឡា ថ្មីៗនេះបានបង្ហោះវីដេអូមួយរបស់កុមារាកម្ពុជា ធុច សាលិក ពេលដែលរូបគេចូលរួមកម្មវិធីមួយមានឈ្មោះថា «ស្ពាននៃភាសាចិន» ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងលោកគ្រូអ្នកគ្រូជាច្រើនរូប។ ជាការស្វាគមន៍ដំបូងកុមារារូបនេះ បានបង្ហាញថា រូបគេចូលចិត្តប្រទេសចិន ចូលចិនភាសាចិន និងមានអារម្មណ៍សប្បាយរីករាយពេលបានជួបភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះ។

តាមរយៈការសាកសួររបស់ពិធីករ ដែលសួរថាចេះភាសាអ្វីខ្លះ និងចេះមកពីណា? កុមារា ធុច សាលិក បាននិយាយថា ចេះភាសាចិនកុកងឺ ចិនកាតាំង ភាសាបារាំង អេស្ប៉ាញ និងជប៉ុន ហើយចេះតាមរយៈការនិយាយជាមួយជនជាតិបរទេស ពេលដែលគេលក់វត្ថុអនុស្សាវរីយ៍នៅសៀមរាប ព្រោះក្មេងៗភាគច្រើនលក់បែបនេះ ហើយចេះពីភ្ញៀវទេសចរណ៍ គឺបានន័យថាជួបជនជាតិណា និយាយភាសាហ្នឹង។ បន្ថែមពីនោះ ថែមទាំងចេះច្រៀងបទ «Tian mi mi» ផងដែរ តែដូរប៉ារូ ដើម្បីយកចិត្តភ្ញៀវទេសចរណ៍ឲ្យគេទិញ។

បន្ថែមពីនេះ ពិធីករបានបង្ហាញថា កុមារា ធុច សាលិក ពិតជាមានការអភិវឌ្ឍច្រើន ព្រោះពីមុនចេះតែនិយាយទេ តែចាប់តាំងពីចូលរៀនមក រូបគេបានចេះទាំងសរសេរ និយាយ បានរៀនពីវប្បធម៌ចិន សរសេរអក្សរលើជក់ និងដេញពិនជាដើម។

កុមារា ធុច សាលិក ក៏បាននិយាយទៀតថា ពេលដំបូងដែលរូបគេមករៀននៅប្រទេសចិន ម្តាយមានការព្រួយបារម្ភ តែពេលឃើញមានមិត្តភ័ក្តលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ ពួកគាត់ក៏សប្បាយចិត្ត ហើយកាលមិនទាន់មករៀននៅចិន ក៏មានសប្បុរជនជាច្រើនឧត្ថមដល់រូបគេផងដែរ។ តែយ៉ាងណា ចុងបញ្ចប់នៃការសាកសួររបស់ពិធីករ កុមារា ធុច សាលិក បាននិយាយថា «ខ្ញុំសង្ឃឹមថាអនាគតរបស់ខ្ញុំ នឹងដើមទន្ទឹមជាមួយជនជាតិចិន»។ ខណៈសារមួយនេះ ពិតជាធ្វើឲ្យអ្នកចូលរួមភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងមានមោទនភាពចំពោះរូបគេផងដែរ។

គួរជម្រាបថា កុមារាកម្ពុជា ធុច សាលិក បច្ចុប្បន្នកំពុងរៀននៅសាលាឯកជនមួយកន្លែងក្នុងខេត្ត ជេជាំង (Zhejiang) ភាគខាងកើតប្រទេសចិន។ រូបគេទទួលបាន​ភាពកក់ក្តៅយ៉ាងខ្លាំង ដោយក្នុងនោះ សាលិក មានមិត្តភ័ក្ត្រប្រុសស្រីជាច្រើនលេងកំសាន្តជាមួយពេលទំនេរពីការសិក្សា ហើយងាកមកកន្លែងរស់នៅ អាហារហូបចុក វិញ ហាក់មិនមានបញ្ហាអ្វីឡើយសម្រាប់ក្មេងប្រុសម្នាក់នេះ៕