(ភ្នំពេញ)៖ កីឡាករ វ៉ា សុខថន បានបង្ហាញពីគោលបំណងរបស់ក្រុមភ្នំពេញក្រោន ក្នុងជំនួបទល់នឹងក្រសួងការពារជាតិ នៃជើងទី២ វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលនឹងធ្វើការប្រកួតនៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ នៅទឹកដីនៃកីឡដ្ឋាន អ.អេស.អិន វេលាម៉ោង ៦៖០០នាទីល្ងាចនេះ។

គួរដឹងដែរថា ភ្នំពេញក្រោន បានបរាជ័យក្រោមថ្វីជើងរបស់ក្រសួងការពារជាតិ ក្នុងលទ្ធផល ១-០ កាលជើងទី១ នៅកីឡដ្ឋានស្តាតចាស់។ ដូច្នេះខ្សែបម្រើរបស់ Red Singha បានដាក់គោលដៅដោយឈ្នះនៅថ្ងៃនេះដោយពុំមានការរបូតគ្រាប់បាល់ ក្នុងការប្រជែងយកកៅអីឡើងទៅវគ្គ ៤ក្រុមចុងក្រោយ។

សុខថន បានបញ្ជាក់ថា «យើងបានដាក់ក្តីសង្ឃឹមជាច្រើនលើពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ទោះជាក្រុមភ្នំពេញក្រោនអស់ឱកាសប្រជែងលីគកំពូលកម្ពុជាក៏ដោយ ប៉ុន្តែមិនមែនមានន័យថា យើងផ្តោតតែលើវាតែមួយនោះទេ ដូច្នេះយើងត្រូវតែរៀបចំដើម្បីឈ្នះគ្រប់ការប្រកួត»