(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន ថ្នាក់ជាតិ លើកទី១៣ នឹងធ្វើការប្រកួតកាត់សេចក្ដីជើងទី២ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នៅថ្ងៃពុធនេះទាំង ៤ប្រកួតតែម្ដង រួមមានក្រុមវិសាខា ប៉ះម្ចាស់ផ្ទះគិរីវង់ខុសែនជ័យ, ភ្នំពេញក្រោន បើកទ្វារកីឡដ្ឋាន Smart RSN ទទួលក្រុមការពារតំណែងជើងឯកក្រសួងការពារជាតិ, ក្រុមបឹងកេត ត្រូវជួបក្រុមសូលទីឡូអង្គរ នៅកីឡដ្ឋានខេត្តសៀមរាប និងក្រុមព្រះខ័នរាជស្វាយរៀង បើកទ្វារផ្ទះទទួលក្រុមអង្គរថាយហ្គឺរ ។

ចំពោះក្រុមវិសាខា កាលពីជើងទី១ ពួកគេបានយកឈ្នះគិរីវង់ ៤-២ ក្នុងដី ហើយជើងទី២ ដែលនឹងត្រូវប្រកួតម៉ោង ៣៖៣០នាទីរសៀលនេះ ពួកគេនៅតែជឿជាក់ អាចយកឈ្នះក្រុមមានមូលដ្ឋាន នៅខេត្តតាកែវ ។ លោក Tunji Ayoyinka គ្រូបង្វឹកស្ដីទីរបស់វិសាខា បានបញ្ជាក់ថា វិសាខាបានត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយគិរីវង់ ដោយគ្មានអ្វីត្រូវបារម្ភឡើយ ។ លោករំពឹងថា ក្រុមខ្លួននឹងអាចយកឈ្នះគិរីវង់ជាថ្មី ព្រោះលោកជឿលើសមត្ថភាពកូនក្រុមខ្លួន ដែលប្រជុំដោយកីឡាករមានទេពកោសល្យ ។

ក្រុមក្រសួងការពារជាតិ កាលពីជើងទី១ បានយកឈ្នះភ្នំពេញក្រោន ១-០ ក្នុងដីដែរ ។ ប៉ុន្ដែលោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមការពារតំណែងជើងឯកនេះ បានបញ្ជាក់ថា ការមានប្រៀបត្រឹម ១គ្រាប់ដូច្នេះ គឺមិនទាន់កក់ក្ដៅ សម្រាប់ក្រុមខ្លួនឡើយ ។ ហេតុនេះ លោកត្រូវការត្រៀមខ្លួនឲ្យបានកាន់តែល្អជាងជើងទី១ ដ្បិតការប្រកួតកាត់សេចក្ដីជើងទី២ ត្រូវធ្វើក្រៅដី ។ តែយ៉ាងណាលោកសង្ឃឹមថា កីឡាករម្នាក់ៗនឹងខំប្រឹង ដើម្បីឡើងវគ្គបន្ដ ព្រោះក្រសួងការពារជាតិ ត្រូវការត្រឹមស្មើប៉ុណ្ណោះ ។

ព្រះខ័នរាជស្វាយរៀង កាលពីជើងទី១ បានយកឈ្នះក្រៅដីលើក្រុមអង្គរថាយហ្គឺរ ដោយលទ្ធផល ២-០ ។ តែជ័យជម្នះនេះ ក៏មិនទាន់ធ្វើឲ្យក្រុមលោក Conor Nestor រំពឹងខ្ពស់នឹងបានឡើងវគ្គបន្ដដែរ ។ គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះ បានបញ្ជាក់ថា លោកនឹងផ្ដោតលើការលេងជាក្រុមឲ្យបានល្អបំផុត ក្នុងជំនួបជាមួយអង្គរថាយហ្គឺរ លើទឹកដីខេត្តស្វាយរៀង នាវេលាម៉ោង ៦ល្ងាចនេះ ហើយលោកនឹងជ្រើសរើសកីឡាករដ៏ត្រឹមត្រូវ ដើម្បីការពារកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ខ្លួនផងដែរ ។

ដោយឡែកក្រុមសូលទីឡូអង្គរ បន្ទាប់ពីចាញ់បឹងកេត ២-០ ក្រៅដី ពួកគេនឹងត្រូវបើកទ្វារកីឡដ្ឋានស្វាយធំ ទទួលក្រុមលំដាប់លីគកំពូលកម្ពុជា នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ ។ លោក Darren Pomroy គ្រូបង្វឹករបស់សូលទីឡូអង្គរ បានលើកឡើងថា នេះគឺជាការប្រកួតដ៏សំខាន់ ហើយលោកនៅតែជឿជាក់លើក្រុមខ្លួននឹងអាចបង្កើតអភូតហេតុបាន ដ្បិតសូលទីឡូអង្គរ ធ្លាប់រកបាន ៥គ្រាប់ ក្នុងជ័យជម្នះ ៥-៤ លើបឹងកេត កាលពីជួបគ្នាលីគ ជើងទី១ ។ ហេតុនេះលោកនៅតែមានសង្ឃឹម ក្នុងការប្រកួតកៅអីវគ្គបន្ដ៕