(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) កាលពីពីម្សិលមិញ បានរៀបចំកម្មវិធីចែករំលែកក្តីស្រលាញ់ដល់កុមារកំព្រា ដែលស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង ។ ជាមួយគា្ននោះ គេឃើញមានវត្តមានកីឡាករជម្រើសជាតិកម្ពុជា ៤រូបចូលរួមដែរ រួមមានកីឡាករ គួច សុកុម្ភៈ, គួច ដានី, ស៊ុះ ស៊ូហាណា និងអ្នកចាំទី ស៊ូ យ៉ាទី ។

សហព័ន្ធបានបញ្ជាក់ថា «ក្នុងឱកាសនោះដែរ យើងមានរៀបចំកម្មវិធីល្បែងកំសាន្តនានា ហើយក៏មានការបង្ហាត់បង្ហាញពីបច្ចេកទេសនៃការលេងបាល់ទាត់ និងបទពិសោធន៍នៃការលេងបាល់ទាត់ពីសំណាក់កីឡាករជម្រើជាតិរបស់យើង នៅចុងបញ្ចប់នៃកម្មវិធីក៏មានការរៀបចំអាហារសាមគ្គីជុំគ្នា ជាមួយប្អូនកុមាកំព្រានៅទីនោះ និងបំពេញបំណងប្រាថ្នាប្អូនៗ ដោយនាំប្អូនៗមកទស្សនាការប្រកួតនៅថ្ងៃទី៥ ខែកញ្ញាខាងមុខនេះ»

ចំពោះវត្តមានរបស់កីឡាករទាំង ៤រូបខាងលើវិញ ទោះបីមិនទាន់ថ្ងៃត្រូវប្រកាសបញ្ជីឈ្មោះបឋម នៃក្រុមជម្រើសជាតិកម្ពុជា ប៉ុន្ដែអ្នកគាំទ្របានសន្និដ្ឋានថា សមាជិកក្លឹបណាហ្គាវើលដ៏នេះ នឹងមានឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួតជើងទី១ ជាមួយក្រុមជម្រើសជាតិហុងកុង ក្នុងវគ្គជម្រុះជុំទី២-តំបន់អាស៊ី នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា (FIFA World Cup Qatar 2022) នាថ្ងៃទី០៥ ខែកញ្ញាខាងមុខផងដែរ៕