(បាងកក)៖ ក្រុមកីឡាករសីដក់ជម្រើសជាតិកម្ពុជា បានទទួលត្រឹមមេដាយប្រាក់ប៉ុណ្ណោះ ក្រោយប្រកួតចាញ់ក្រុមសីដក់ជម្រើសជាតិសិង្ហបុរី លើវិញ្ញាសាបុរស ២នាក់ទល់នឹង ២នាក់ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច ក្នុងការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកពិភពលោក លើកទី៣៤ ឆ្នាំ២០១៩ នៅប្រទេសថៃ។

សម្រាប់ក្រុមសីដក់កម្ពុជា គឺមានកីឡាករ នុត វិសាល, ណុំ ហាប់ឈុន និងកីឡាករ សេន ស៊ីអ៊ិ។ ជាលទ្ធផលប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយសិង្ហបុរី សិតទី១ កម្ពុជាបានចាញ់ ១៣-២១ពិន្ទុ និងសិតទី២ កម្ពុជា ចាញ់ ១៨-២១ពិន្ទុ ដែលធ្វើឲ្យកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ គ្រាដែលក្រុមសីដក់សិង្ហបុរី ទទួលបានមេដាយមាស លើវិញ្ញាសា ២នាក់ទល់នឹង ២នាក់។

សូមរំឭកថា មុនបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រុមសីដក់កម្ពុជាបានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រួមមានយកឈ្នះក្រុមសីដក់ស្វីស នេប៉ាល់ និងអាហ្វហ្គានីស្ថាន ក្នុងពូល ហើយបានទម្លាក់ក្រុមសីដក់អូម៉ង់ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ តែយ៉ាងណា កម្ពុជាមិនទាន់បញ្ចប់បេសកកម្មនោះទេ ដោយសល់ ២វិញ្ញាសាទៀត ត្រូវបន្ដការប្រកួតនាថ្ងៃស្អែក គឺវិញ្ញាសាប្រកួត ៣នាក់ទល់នឹង ៣នាក់ បុរស និងនារី៕