(ភ្នំពេញ)៖ ក្រុមកីឡាសីដក់ជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯក ពិភពលោក លើកទី៣៤ នៅប្រទេសថៃហើយ បន្ទាប់ពីទម្លាក់ក្រុមជម្រើសជាតិអូម៉ង់ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ ព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។

កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការរងសហព័ន្ធកីឡាសីដក់កម្ពុជាបានឲ្យដឹងពីប្រទេសថៃថា ក្រុមសីដក់កម្ពុជា ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រនេះ គឺប្រកួតលើវិញ្ញាសាបុរស ២នាក់ទល់នឹង ២នាក់ ហើយថ្ងៃនេះកម្ពុជាត្រូវប៉ះក្រុមជម្រើសជាតិសីដក់សិង្ហបុរី ដើម្បីដណ្ដើមមេដាយមាស គ្រាដែលបណ្ដោះអាសន្នក្រុមទាំងពីរ កំពុងមានមេដាយ ប្រាក់ក្នុងដៃរួចជាស្រេច។

អគ្គលេខាធិការរងសហព័ន្ធដដែលបន្ដថា ទម្រាំឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមសីដក់កម្ពុជា បានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញចំនួន ៣ប្រកួត ក្នុងនោះបានយកឈ្នះក្រុមជម្រើសជាតិសីដក់ស្វីស នេប៉ាល់ និងអាហ្វហ្គានីស្ថាន ដើម្បីឈរលេខ១ ក្នុងពូល មុនបន្ដយកឈ្នះក្រុមជម្រើសជាតិអូម៉ង់ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីបន្ដដំណើរឡើងទៅជួបក្រុមជម្រើសជាតិសិង្ហបុរីតែម្ដង។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុមសីដក់កម្ពុជា ក៏ដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍កម្រិតពិភពលោកនេះដែរ លើវិញ្ញាសាបុរស ៣នាក់ទល់នឹង ៣នាក់។ ចំពោះបេសកកម្មឆ្នាំនេះ កម្ពុជាបានបញ្ជូនកីឡាករ ២០នាក់ និងកីឡាការិនី ៨នាក់ ទៅចូលរួមប្រកួតនៅប្រទេសថៃ ចាប់ពីថ្ងៃទី២៥ ខែសីហា រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩៕