(ភ្នំពេញ)៖ គម្រោងចេញទៅច្រៀង និងសម្ដែងនៅលើទឹកដីនៃប្រទេសកូរ៉េ តាមរយៈក្រុមការងារផលិតកម្ម Galaxy ត្រូវបានគេទម្លាយថា សម្រាប់តារាចម្រៀងស្រី សំឡេងស្រួយកញ្ញា អ៊ីវ៉ា ហាក់បង្ហាញអារម្មណ៍ស្ទាក់ស្ទើរ និងអល់អែក នៅក្នុងការបង្ហាញវត្តមានលើកនេះ ព្រោះតែគ្មានឪពុកទៅជាមួយដូចរាល់ដង។ ជាការពិតណាស់ សម្រាប់តារាចម្រៀង ឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបោះចោលលុយធំៗ នៅក្រៅស្រុកដល់ទៅជិត១០ប្រទេសឯណោះ ព្រោះតែនាងមិនហ៊ានចេញទៅច្រៀង​ម្នាក់ឯង ក្នុងនោះមានដូចជា អាមេរិក, បារាំង, កាណាដា, កូរ៉េ, ថៃ និងចិន ជាដើម ដែលខាង Sponsor ទាំងនោះធ្លាប់ទាក់ទងមក តែនាងតែងបានច្រានចោលជានិច្ច។

​យ៉ាងណាមិញ គម្រោងចេញទៅច្រៀងសម្តែង នៅក្រៅស្រុកជាលើកដំបូង របស់តារា អ៊ីវ៉ា ​គឺជ្រើសរើសយកប្រទេសកូរ៉េខាងត្បូង។ សម្រាប់ការច្រៀងក្រៅប្រទេសនោះ អ៊ីវ៉ា នៅតែបង្ហាញអារម្មណ៍បែបស្ទាក់ស្ទើរ ក្នុងចិត្តហើយនាងថា មិនទាន់ប្រាកដទៅវិញ បើទោះជាអ្នកដឹកនាំកម្មវិធីប្រគំតន្ត្រី​ បានអះអាងថា នាងប្រាកដជានឹងចូលរួមក៏ដោយ។ អ៊ីវ៉ា ធ្លាប់​បញ្ជាក់ថា នាងនឹងមិនចេញទៅច្រៀងសម្តែង នៅក្រៅស្រុកជាដាច់ខាត ប្រសិនបើគ្មានឪពុករបស់នាង គឺលោក អ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា ចូលរួមជាមួយ​។

ការដែលតារាចម្រៀង អ៊ីវ៉ា តាំងចិត្តបែបនេះ ដោយសារ អ៊ីវ៉ា ថាមិនមែនខ្លាចមានប្រុសតាមញ៉ែតាមរំខាននោះទេ តែនេះគឺជាទម្លាប់ ព្រោះតាំងពីតូចមក នាងមិនដែលចេញទៅណា ដោយគ្មានឪពុកម្តាយរបស់នាងទៅជាមួយឡើយ។ ​នាងបដិសេធចេញទៅច្រៀង នៅក្រៅស្រុកដល់ទៅជិត១០ប្រទេសនោះ ព្រោះខាង Sponsor ទាំងនោះ ចង់បានតែនាងម្នាក់ឯង តែនាងទាមទារ ឲ្យគេធានាប៉ារបស់នាងទៅជាមួយដែរ តែគេមិនព្រមទើបនាងមិនទៅ។

ដោយឡែក នៅដើមខែកញ្ញា ឆ្នាំ២០១៩នេះ មានការផ្សព្វផ្សាយពីក្រុមការងារផលិតកម្ម Galaxy ដែលអះអាងថា តារាចម្រៀងអ៊ីវ៉ា នឹងទៅច្រៀងសម្តែងនៅប្រទេសកូរ៉េខាងត្បូង រយៈពេលខ្លីជាមួយតារាចម្រៀង ខេម, គូម៉ា, Tempo Tris, វ៉ាន់ដា, Mr Oun, កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកូនប្រុស​ទាំង៣ រួមទាំងក្រុមភ្លេងចចកសមុទ្រផងដែរ។​ តាមរយៈការបញ្ជាក់បែបនេះបង្ហាញថា អ៊ីវ៉ា បានប្តូរចិត្តពីការចោលទីផ្សារចម្រៀងក្នុងស្រុក ដោយទៅរកលុយនៅក្រៅស្រុក ដូចតារាផ្សេងៗទៀតដែរហើយ។

អ៊ីវ៉ា បញ្ជាក់ថា បើខាង Sponsor ព្រមធានាប៉ារបស់នាងទៅដែរ ​នាងនឹងចេញទៅច្រៀងហើយ គឺមិនមែនចេញទៅក្រៅស្រុក ព្រោះមិនហ៊ានជិះយន្តហោះទេ រឿងតែមួយគត់ គឺ​ត្រូវយកប៉ាទៅជាមួយដែរ​៕