(ភ្នំពេញ)៖ ​ទៀង មុំសុធាវី គឺជាតារាចម្រៀងស្រីរូបស្រស់ ទឹកមុខសុភាពរាបសារមួយរូប ដែលមានសំនៀងទឹកដមពិរោះរណ្តំ ត្រូវចិត្តទស្សនិជនគ្រប់ស្រទាប់វណ្ណៈ។ តាមរយៈប្រឡូកចូលវិស័យចម្រៀងជាច្រើនឆ្នាំមកនេះ មុំសុធាវី ហាក់ទទួលបានប្រជាប្រិយភាពមានទស្សនិកជនគាំទ្រច្រើន ទាំងក្នុងនិងក្រៅប្រទេស។ តែយ៉ាងណា ថ្មីៗនេះទស្សនិកជនចាប់ងារម្មណ៏យ៉ាងខ្លាំង ពេលនាងបង្ហាញមុខគូស្នេហ៍វ័យកណ្តាលមួយរូប តាមរយៈផ្តិតនូវរូបថតផ្អែមល្ហែម នៅបរទេសភ្ជាប់ជាមួយនឹងពាក្យថា «និស្ស័យ»។ ការបង្ហាញមុខគូស្នេហ៍របស់ខ្លួន ពីសំណាក់តារាស្រី ទៀង មុំសុធាវី ពេលនេះបានធ្វើឲ្យបុរសៗដែលតាមស្រឡាញ់នាងមិនតិចនាក់នោះទេខកចិត្ត តែយ៉ាណាក៏មានទស្សនិកជនច្រើនដែរ ដែលជូនពរនាងឲ្យរៀបការឆាប់ៗ និងមានសុភមង្គល។

ជាការកត់សម្គាល់ថ្មីៗនេះ តារាចម្រៀងស្រី និយមចម្រៀងបមនោសញ្ចេតនា កញ្ញា ទៀត មុំសុធាវី ចាប់តាំងពី​ចូល​ប្រឡូក​ក្នុង​សិល្បៈ​ជាច្រើន​ឆ្នាំ​ មហាជន​មិនធ្លាប់​ឭដំណឹងថានាងមាន​រឿងអាស្រូវអ្វី​ឡើយ។ រឹតតែពិសេសជាងនេះ មានតែមតិកោតសរសើរថានាង ជាតារាចម្រៀងមួយរូបដែលសុភាពរាបសារ មានការ​តែងខ្លួន​​ស្រស់​ស្អាត ​សមរម្យជានារីខ្មែរផង​ដែរ​ ។​ ទន្ទឹមគ្នានឹង គឺ​មាន​បុរស​មិន​តិច​នាក់នោះទេ ដែលលួ​ចក្នាញ់​ជាមួយនឹង​ភាព​ស្រស់​ស្អាត​បែប​ស្រគត់ស្រគំ​របស់នាង តែពេលនេះបុរសៗដែលមានបំណងចង់បាននាងមកធ្វើជាគូ ហាក់ខកចិត្តមិនស្ទើរឡើយ ពេលឃើញនាងបង្ហោះ​រូប​ថ​ត​ស្វី​ត​ស្វី​ត​រួម​នឹង​រូបថត​ ​Pre​ ​Wedding​ ​ជាមួយ​បុរស​រូប​សង្ហា​ម្នាក់​នៅ​ក្រៅ​ប្រទស​ ​ដោយភ្ជាប់ជាមួយ​សារ​ខ្លី​ថា​ «​និស្ស័យ​» ​។

តែយ៉ាណា គេមិនទាន់ដឹងនៅឡើយទេ ថាបុរសដែលនាងថតជាមួយ ដែលត្រូវបានទស្សនិកជនសន្មត់ថាជាគូស្នេហ៍ គឺជាអ្នករស់នៅប្រទេសណានោះ។ ជាមួយគ្នានេះ តារាស្រី ទៀង មុំសុធាវី ក៏មិនទាន់បញ្ជាក់នោះដែរ ថានាងនឹងចូលរោងការនៅនេះ ឬយ៉ាងណា៕