(ភ្នំពេញ)៖ ថ្វីដ្បិតតែកន្លងមក ក្រុមហ៊ុនបុរីឡេងណាវ៉ាត្រា ធ្លាប់បានចាយទុនធានាយកតារាខ្មែរ ទៅច្រៀងរួមគ្នានៅក្នុងប្រទេសកូរ៉េ​ ប៉ុន្តែការប្រគំតន្ត្រីទាំងនោះមិនធ្លាប់មាន ប្រគំដោយផ្ទាល់ពីក្រុមតន្ត្រីករ ដែលគេហៅថា Live Band នោះទេ។ អ្វីដែលកាន់តែពិសេស គឺការប្រគំតន្ត្រីលើកនេះ Live Band ដោយក្រុមចចកសមុទ្រ ដែលជាក្រុមល្បីល្បាញនៅកម្ពុជា និងកំពូលតារាចម្រៀងជាច្រើនដួងទៀត។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា បានប្រកាសជាសាធារណៈថា ដើម្បីឲ្យការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ ទទួលបានការចាប់អារម្មណ៍ជាងមុន លោកសម្រេចអញ្ជើញក្រុមចចកសមុទ្រ យកទៅកាន់ឩបករណ៍តន្ត្រីដោយផ្ទាល់ ដោយមិនតម្រូវឲ្យសិល្បករបកស្រាយចម្រៀង ដោយការចាក់សាច់ភ្លេងទៀតទេ។ លោកថាការប្រគំតន្ត្រី Live Band និងចាក់ភ្លេង មានភាពរស់រវើកមិនដូចគ្នាទេ ដោយការប្រគំតន្ត្រីមានភ្លេង នឹងជួយឲ្យការសម្ដែងរបស់ក្រុមសិល្បករ និងពិធីករ មានភាពរលូន និងទាក់ទាញជាង។

ការប្រគំតន្ត្រីដែលក្រុមហ៊ុនរបស់លោក នឹង Live Band នេះ នឹងរៀបចំឡើងនៅក្រុងអាន់សាន់ នៅថ្ងៃទី១៣ ខែកញ្ញា ដោយការប្រគំតន្ត្រីលើកនេះ គឺលោកនឹងធ្វើឲ្យកក្រើកតែម្ដង។ តារាល្បីៗដែលលោកយកទៅនៅក្នុងឆ្នាំនេះរួមមាន លោក ព្រាប សុវត្ថិ កូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ, លោក ប៉ែន ចំរ៉ុង, លោក ខេម, កញ្ញា អ៊ីវ៉ា,លោកគូម៉ា និងតារាល្បីៗជាច្រើនផ្សេងទៀត។

​លោកបានបន្ថែមទៀតថា ការប្រគំតន្រ្តី និងសម្ដែងតែមួយពេលប៉ុណ្ណោះ ដោយ​បងប្អូនពលករខ្មែរនៅក្នុងប្រទេសកូរ៉េ នឹងកាន់តែសប្បាយរីករាយ ជាមួយនឹងការប្រគំតន្ត្រី Live Band ដោយផ្ទាល់ ហើយលេងដោយក្រុមចចកសមុទ្រដ៏ល្បីល្បាញទៀត៕