(ភ្នំពេញ)៖ ការប្រកួតសងសឹកពីសំណាក់ក្រុមជម្រើសជាតិគោព្រៃកម្ពុជា ទល់នឹងក្រុមជម្រើសជាតិហុងកុង ក្នុងវគ្គជម្រុះប្រចាំតំបន់អាស៊ី ជុំទី២ ជើងទី១ នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ដែលកន្លងមកកម្ពុជា មានប្រវត្តិធ្លាប់ចាញ់ហុងកុង ៥ដងចាប់តាំងពីឆ្នាំ១៩៥៧ ដល់ឆ្នាំ២០១៦ ក្នុងនោះការប្រកួតផ្លូវការមានតែ ១លើកគត់គឺក្នុងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ១៩៩៩។

ក្រុមកម្ពុជា ដែលកំពុងដឹកនាំដោយលោក Keisuke Honda នឹងត្រូវជួបហុងកុងជាថ្មីនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្នុងវគ្គសន្សំពិន្ទុនៃពូល C នៃព្រឹត្តិការណ៍ FIFA World Cup 2022 ដែលមាន កាតាត្រៀមធ្វើម្ចាស់ផ្ទះនោះ។

ប្រវត្តិជួបគ្នា ៥ដងនាពេលកន្លងមករវាងក្រុមនៅប្លុកអាស៊ីដូចគ្នានោះ គឺកម្ពុជា មិនទាន់អាចដណ្តើមជ័យជម្នះបាននៅឡើយទេចាប់តាំងពីឆ្នាំ១៩៥៧ ដល់ឆ្នាំ២០១៦ ដែលមានប្រវត្តិប្រកួតចាញ់ក្នុងពានរង្វាន់ប្រចាំតំបន់អាស៊ី AFC Asian Cup 1999 ទាំង ២ជើងក្នុងលទ្ធផល ៤-១ និង ១-០ និងការបរាជ័យដ៏ធំមួយទៀតនោះគឺក្នុងលទ្ធផល ៦-២ នៃការប្រកួតកម្មវិធី Merdeka Tournament ឆ្នាំ១៩៥៧ នៅទឹកដីហុងកុង។

ហុងកុង បានបន្តទទួលជ័យជម្នះមកលើក្រុមកម្ពុជា សារជាថ្មីនៅឆ្នាំ២០១៦ ក្នុងការប្រកួតមិត្តភាព ទាំងពីរជើងដោយលទ្ធផល ៤-២ នៅទឹកដីហុងកុង និងនៅក្នុងទឹកដីកម្ពុជាវិញ ក្រុមគោព្រៃបន្តចាញ់ ក្នុងលទ្ធផល ២-០ ទៀតកាលឆ្នាំ២០១៦៕