(ភ្នំពេញ)៖ ជាទូទៅមិនថាអតីតកាល ឬបច្ចុប្បន្ននោះទេ មហាជនក៏ដូចជាអ្នកសិល្បៈមួយចំនួន តែងចិញ្ចឹមចិត្តនូវចម្ងល់មួយចំនួនត្រង់ថា តារាចម្រៀង មានឱកាសទទួលបានប្រជាប្រិយភាពពេលសម្តែងចម្រៀងលើឆាក ខណៈអ្នករាំហាក់មិនមានប្រជាប្រិយភាពឡើយ ទោះបីជាចូលប្រឡូកស្ទើរពាក់កណ្តាលជីវិតក្តី? ទន្ទឹមគ្នា ងាកមកអ្នកនាង ឆិល ពេជ្រពណ្ណរាយ ដែលបានចូលប្រឡូកក្នុងអាជីពជាអ្នករាំអស់រយៈពេល ១៩ឆ្នាំវិញ ក៏នៅតែមិនដឹងច្បាស់នៅចម្ងល់ទាំងនេះដែរ។ អ្នកនាងយល់ថា បើគ្មានអ្នករាំ ឆាកទាំងមូលក៏គ្មានភាពរស់រវើកដែរ ចុះហេតុអ្វីអ្នករាំគ្មានប្រជាប្រិយភាពដូចអ្នកចម្រៀង?

ជាក់ស្តែង តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» អ្នកនាង ឆិល ពេជ្រពណ្ណរាយ បានបកស្រាយថា «ត្រង់ចំណុចនេះ សូម្បីខ្ញុំផ្ទាល់ដែលចូលប្រឡូកក្នុងសិល្បៈ មានអាជីពជាអ្នករាំជិត២០ឆ្នាំក៏មិនដឹងដូចគ្នា ព្រោះថាហេតុអ្វីដែលចម្រៀងមានឱកាសទទួលបានប្រជាប្រិយភាព ពីសំណាក់ទស្សនិកជនច្រើនជាងអ្នករាំម្ល៉េះ ទាំងដែលអ្នករាំក៏ព្យាយាមធ្វើឲ្យអ្នកច្រៀងរស់រវើកដូចគ្នា​»

អ្នកនាងបន្តថា «សម្រាប់ខ្ញុំ ខ្ញុំគិតថាបើអត់មានអ្នករាំ នៅលើឆាកក៏អត់មានភាពរស់រវើកដែរ ជាក់ស្តែងដូចក្នុងប្រភេទបទញាក់ បើតារាចម្រៀងរាំតែម្នាក់ឯង គ្មានអ្នករាំពីក្រោយក៏គ្មានអ្វីទាក់ទាញដែរ។ ដូច្នេះខ្ញុំគិតថា ការងាររបស់ខ្ញុំគឺល្អបំផុត ព្រោះវាជួយឲ្យឆាកតន្ត្រីទាំងមូលមានភាពរស់រវើក»

គួរជម្រាបថា អ្នកនាង ឆិល ពេជ្រពណ្ណរាយ បានប្រឡូកក្នុងវិស័យសិល្បៈក្នុងនាមជាអ្នករាំជិត២០ឆ្នាំមកហើយ។ បច្ចុប្បន្នអ្នកនាង គឺជាអគ្គនាយិការក្រុមហ៊ុនគ្រឿងសំអាង P NICE ដែលនាំយកផលិតផលសម្រស់មកពី ប្រទេសថៃ មានគ្រឿងផ្សំមកពីប្រទេសជប៉ុន។ អ្នកនាងកំពុងទទួលបានការកោតសរសើរយ៉ាងច្រើនពីមហាជន ព្រោះបានតស៊ូរឿងលំបាកគ្រប់បែបយ៉ាងក្នុងជីវិតរហូតជោគជ័យទាំងជីវិតគូ និងការងារជំនួញ៕