(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធសំខាន់ Edinson Cavani និង Kylain Mbappe បានរងរបួសក្នុងជំនួបដែលក្រុមម្ចាស់ផ្ទះ Paris Saint-Germain យកឈ្នះក្រុមភ្ញៀវ Toulouse ក្នុងសប្តាហ៍ទី៣ នៃក្របខណ្ឌកំពូលបារាំង Ligue 1 ក្នុងលទ្ធផល ៤-០ នាយប់មិញនេះ។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Parc des Princes ដែលជាទឹកដីរបស់ PSG កីឡាករ Choupo-Moting រកបាន២គ្រាប់ម្នាក់ឯងនៅនាទី៥០ និងនាទី៧៥ គ្រាដែល Goncalves របស់ Toulouse បានធ្វេសចូលទីខ្លួនឯងនៅ នាទី៥៥ (Own goal) និង Marqluinho រកបានគ្រាប់ចុងក្រោយនៅនាទី៨៣ គ្រាដែលខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Angel di Maria ទាត់ប៉េណាល់ទីអត់ចូល ១គ្រាប់ផងដែរ។

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Edinson Cavani ត្រូវបានប្តូរចេញនៅនាទី១៤ មុនពេលមិត្តរួមក្រុម Mbappe ត្រូវបានប្តូរចេញនៅវគ្គទី២ ដោយសារបញ្ហារបួសភ្លៅ។

៣ពិន្ទុជាលើកទី២ ក្នុង ៣សប្តាហ៍នារដូវកាលថ្មីឆ្នាំ២០១៩-២០២០ នេះ បានធ្វើឲ្យក្រុមការពារតំណែងជើងឯកមួយនេះ ឡើងទៅឈរនៅលេខរៀងទី៣ បណ្តោះអាសន្ន ចាញ់កំពូលតារាង Lyon និង Rennes និងធ្លាប់ចាញ់ ២-១ កាលសប្តាហ៍ទី២៕