(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ចប់កំណត់ត្រាមិនដែលចាញ់ក្នុងដីរបស់បឹងកេតបានហើយ ក្រោយយកឈ្នះ ២-១ ក្នុងជំនួបជើងទី២ កាលពីចុងសប្ដាហ៍កន្លងទៅនៅកីឡដ្ឋានខេមបូឌា-អ៊ែរវ៉េ ដែលធ្វើឲ្យក្រុមមានមូលដ្ឋាន នៅខេត្តស្វាយរៀងនេះ រក្សាបាននូវកំណត់ត្រាមិនស្គាល់ចាញ់ក្នុងលីគកំពូលកម្ពុជា ដោយគិតត្រឹមសប្ដាហ៍ទី២១ នេះ។

សម្រាប់ការប្រកួតដ៏តានតឹងនេះ បឹងកេត បាននាំមុខ ១គ្រាប់មុន ដោយការទាត់បញ្ចល់ទីយ៉ាងល្អរបស់កីឡាករ Julius នៅនាទី៣០។ តែភាពរីករាយរបស់ក្រុមម្ចាស់ផ្ទះបានតែមួយភ្លេតប៉ុណ្ណោះ បន្ទាប់ពីកីឡាករ Pirvat រកបានគ្រាប់តាមស្មើឲ្យក្រុមព្រះខ័នរាជស្វាយរៀងនៅនាទី៣២។ លុះចូលតង់ទី២ កីឡាករ នេន សុធារ័ត្ន បានទាត់ហ្វ្រីឃីកយ៉ាងល្អ ឲ្យក្រុមលោក Conor Nestor នាំមុខវិញនៅនាទី៦៤ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង និងមាន ៥៥ពិន្ទុនាំមុខគូប្រជែង ៨ពិន្ទុដដែល ក្រោយឆ្លងកាត់ ២១ប្រកួត ឈ្នះ១៧ និងស្មើ៤ មិនទាន់ស្គាល់ចាញ់ឡើយ ហើយពួកគេក៏មានភាគរយកាន់តែខ្ពស់ ក្នុងការប្រជែងតំណែងជើងឯកផងដែរ។ ចំណែកក្រុមបឹងកេត បន្ទាប់ពីរបូត ៣ពិន្ទុក្នុងដីលើកដំបូង ពួកគេបានធ្លាក់ទៅឈរលេខ៥ និងមាន ៤១ពិន្ទុ ជាមួយលទ្ធផល ២១ប្រកួត ឈ្នះ១២ ស្មើ៥ និងចាញ់ ៤ដង៕