(ភ្នំពេញ)៖ អ្នកនាង ឆិល ពេជ្រពណ្ណរាយ ដែលបានប្រែក្លាយជីវិត ពីអ្នករាំទៅជាអ្នកជំនួញដ៏ជោគជ័យ ថ្មីៗនេះបានចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជន។ ដោយសារតែអ្នកនាង បានបង្ហាញនូវបទពិសោធន៍ជីវិត ការហែលឆ្លងនូវរឿងឈឺចាប់ ទទួលពាក្យសំដីមាក់ងាយពីមនុស្សជុំវិញខ្លួនជាច្រើន រហូតរំដោះខ្លួនចេញពីអ្វីដែលគេធ្លាប់តិះដៀលកន្លងមក ទៅជាអគ្គនាយិការក្រុមហ៊ុនមួយរូប។ ក្នុងនោះអ្នកនាង ឆិល ពេច្រពណ្ណរាយ បានសង្កត់ធ្ងន់ថា «បើសិនជាគ្មានជំនានចេញពីអ្នករាំទេ ក៏ខ្ញុំគ្មានភាពជោគជ័យដូចថ្ងៃនេះដែរ»

គ្មានជោគជ័យណាមួយ កើតឡើងដោយឯងៗនោះទេ។ អ្នកនាង ឆិល ពេជ្រពណ្ណរាយ បានបង្ហាញជីវិតតស៊ូក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ថា ក្នុងនាមជាអ្នករាំស្រីមួយរូប គឺទទួលបាននូវពាក្យមាក់ងាយជាច្រើនពីមនុស្សជុំវិញខ្លួន ថាជាស្រីមិនល្អជាដើម។ អាជីពក្នុងនាមជាអ្នករាំ គឺប៉ះពាល់ខ្លាំងដល់ជីវិតគូស្រកររបស់អ្នកនាងកាលពីសម័យមុន ពោលគឺមានភាពរើងអើងថាអ្នកសិល្បៈជាពិសេសអ្នករាំលើឆាក់ មិនល្អជាដើម។ អ្នកនាងលើកឡើងថា សូម្បីតែអតីតគូស្នេហ៍ ក៏គ្រួសារគេមិនទទួលយកនាងដែរ។ និយាយដល់ចំណុចនេះ អ្នកនាងបានសង្កត់ធ្ងន់ថា មិនខ្វល់នោះទេ ព្រោះការងាររបស់នាង គឺមានតម្លៃខ្លាំងណាស់ចំពោះខ្លួននាងផ្ទាល់ ទោះបីអ្នកដទៃមើលមកយ៉ាងម៉េចក៏ដោយ។

អ្នកនាង ឆិល ពេជ្រពណ្ណរាយ បានផ្តោតសំខាន់ថា គ្រប់អ្នកសិល្បៈមិនមែនអាក្រក់ទាំងអស់នោះទេ សំខាន់គឺធ្វើការប្តូរយកកម្រៃ។ ចំពោះអ្នកនាងផ្ទាល់ គឺអាចនិយាយថា បើគ្មានជំហានចេញពីការរាំ ក៏គ្មានភាពជោគជ័យមកទល់ពេលនេះដែរ ព្រោះរាល់ការងារដែលនាងធ្វើ គឺជាការងារសុចរិត។ បើនិយាយឲ្យចាំទៅ ជំនួញដែលនាងក្តោបនៅក្នុងដៃ ដែលបច្ចុប្បន្នមានតំណែងជាអគ្គនាយិការក្រុមហ៊ុនគ្រឿងសំអាងប្រេន P NICE គឺកើតឡើងដោយសារប្រាក់សន្សំពីការងារជាអ្នករាំនេះឯង។

ក្រៅពីបង្ហាញនូវការទទួលពាក្យតិះដៀលពីមនុស្សជុំវិញខ្លួន ជីវិតតស៊ូក្នុងការងារសិល្បៈក្នុងនាមជាអ្នករាំនារីមួយរូប អ្នកនាង ឆិល ពេជ្រពណ្ណរាយ បានបង្ហាញពីជីវិតគូរបស់អ្នកនាង និងស្វាមីយ៉ាងដូច្នេះថា មុននឹងបានជួបស្វាមី គឺខិតខំប្រឹងប្រែងរកប្រាក់ដោយបាតដៃខ្លួនឯងតែម្តង ទំរាំបានជួងស្វាមី។ អ្នកនាងថា ស្វាមីរបស់នាង គឺស្រឡាញ់អ្នកនាងដោយចិត្តនិងចិត្ត មិនប្រកាន់ថាជាអ្នកសិល្បៈនោះទេ បើនិយាយឲ្យចំគឺឲ្យតម្លៃអ្នកនាងតែម្តង។ ហេតុនេះហើយ ធ្វើឲ្យអ្នកនាងសម្រេចរៀបការជាមួយ រស់នៅប្រកបដោយសុភមង្គលមកទល់នឹងពេលនេះ។ ដោយអ្នកនាង បានស្គាល់គ្នាជាមួយស្វាមីនៅឆ្នាំ២០១៥ ហើយសម្រេចរៀបការនៅឆ្នាំ២០១៦។

គួរជម្រាប់ថា អ្នកនាង ឆិល ពេជ្រពណ្ណរាយ បានប្រឡូកក្នុងវិស័យសិល្បៈក្នុងនាមជាអ្នករាំជាង២០ឆ្នាំមកហើយ។ បច្ចុប្បន្នអ្នកនាង គឺជាអគ្គនាយិការក្រុមហ៊ុនគ្រឿងសំអាង P NICE ដែលនាំយកផលិតផលសម្រស់មកពីប្រទេសថៃ មានគ្រឿងផ្សំមកពីប្រទេសជប៉ុន។ អ្នកនាងកំពុងទទួលបានការកោតសរសើរយ៉ាងច្រើនពីមហាជន ព្រោះបានតស៊ូរឿងលំបាកគ្រប់បែបយ៉ាងក្នុងជីវិតរហូតជោគជ័យទាំងជីវិតគូ និងការងារជំនួញ៕