(ក្រុងឡុងដ៍)៖ ក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City ហក់ឡើងទៅឈរនៅលេខរៀងទី២ នៃ Premier League វិញ បន្ទាប់ពីដណ្តើមបាន ៣ពិន្ទុពីការយកឈ្នះម្ចាស់ផ្ទះ AFC Bournemouth ក្នុងសប្តាហ៍ទី៣ ជើងទី១ នាយប់មិញនេះ។

៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យក្រុមរបស់លោក Pep បន្តរកបាន ៧ពិន្ទុរក្សាប្រវត្តិលេងមិនចាញ់នៅថ្ងៃបើកឆាកបាន ៣សប្តាហ៍នេះនៃលីគកំពូលអង់គ្លេស ក្រៅពីឈ្នះ២ និងស្មើ១ ចាញ់ក្រុមកំពូលតារាងដែលជាជើងឯកឆ្នាំចាស់ ហង្សក្រហម Liverpool ដែលមាន ៩ពិន្ទុលេង ៣ប្រកួតមិនដែលចាញ់នោះ។

កីឡាករខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Sergio Aguero រកបាន ២គ្រាប់ជាមួយនឹងគ្រាប់បើកឆាកនៅនាទី១៥ មុនបន្ថែមគ្រាប់ទី២ នៅនាទី៦៤ និងមិត្តរួមក្រុម Raheem Sterling រកបាន ១គ្រាប់ដែរនៅនាទី៤៣ គ្រាដែល ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Bournemouth រកបានដោយកីឡាករ Harry Wilson ពីការទាត់បាល់ free kick ចូលទីយ៉ាងស្អាតនៅនាទី៤៥+៣។

Man City នៅតែយកឈ្នះ Bournemouth ១០០% ដដែលក្នុងចំណោមជួបប្រកួតគ្នា ៩លើកមកនេះ និងជាការរកបានគ្រាប់កើនដល់ ២៣៥គ្រាប់របស់កីឡាករខ្សែប្រយុទ្ធ Sergio Aguero ឲ្យក្លឹប Manchester City ពីចំនួនគ្រាប់បាល់សរុប ៤០០គ្រាប់ទាំងក្នុងក្លឹប និងជម្រើសជាតិអាហ្សង់ទីរបស់កីឡាករវ័យ ២៩ឆ្នាំរូបនេះ៕