(ភ្នំពេញ)៖ ពិធីករក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍Fresh News លោក ម៉ឺន ឯកសុភារិទ្ធ ថ្មីៗនេះបានធ្វើឲ្យប្រិយមិត្តទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ មានការចាប់អារម្មណ៍ និងកោតសរសើរ តាមរយៈការគ្រងឈុតប្រពៃណីខ្មែរ យ៉ាងស្រស់សង្ហា ជាមួយនឹងទឹកមុខ ដ៏មានមន្តស្នេហ៍ សមជាសុភាពបុរស។ ស្ថិតក្នុងសម្លៀកបំពាក់ ដែលជាស្នាដៃកូនខ្មែរ ច្នៃឡើងប្រកបដោយការ យកចិត្តទុកដាក់ខ្ពស់ មានឈ្មោះថាឈុត «ក្សត្រាភុជង្គនាគ» ដែលតារាសម្ដែង និងជាពិធីករ លោក ម៉ឺន ឯកសុភារិទ្ធ បានគ្រង មើលទៅពិតជាមានភាពទាក់ទាញ និងរស់រវើក ស័ក្តិសមនឹងរូបរាង ដ៏ស្រស់សង្ហារបស់លោកតែម្ដង។

បើតាមការឲ្យដឹងរបស់ពិធីករក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍Fresh News លោក ម៉ឺន ឯកសុភារិទ្ធ បានឲ្យដឹងថា ឈុតច្នៃប្រឌិតបែបបុរាណនេះដែរ សបញ្ជាក់អំពីពូជពង្សវង្សត្រកូល នៃពពួកនាគរាជដែលជាដូនតាខ្មែរ និងការបង្កើតទឹកដីដ៏រុងរឿង នាសម័យបុរាណកាល។

ជាមួយគ្នានេះ លោក ម៉ឺន ឯកសុភារិទ្ធ ក៏បានសំណូមពរដល់ទស្សនិកជន ឲ្យជួយគាំទ្រ ក៏ដូចជាលើកស្ទួយនូវសម្បត្តិវប្បធម៌ដ៏មានតម្លៃមួយនេះ តាមរយៈការចែករំលែក ដើម្បីអោយកូនខ្មែរជំនាន់ក្រោយ បានយល់ដឹងពីវិស័យនេះផង។

តាមរយៈឈុតបុរាណខ្មែរ «ក្សត្រាភុជង្គនាគ» ដែលគ្រងដោយបុរសសង្ហា ម៉ឺន ឯកសុភារិទ្ធ ពិតជាធ្វើឲ្យទស្សនិកជ​ន មានការចាប់អារម្មណ៍ និងកោតសរសើរពីរូបសម្បត្តិ របស់តារាប្រុសរូបនេះ៕