(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games) លើកទី ៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC នៅថ្ងៃទី២៤ ខែសីហានេះ បានរៀបចំសិក្ខាសាលា ស្ដីពីនីតិវិធីបែបបទរដ្ឋបាល និង ហិរញ្ញវត្ថុ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់គម្រោងស្នើសុំថវិកា កម្មវិធីអភិវឌ្ឍអត្តពលិក-Athlete Development Programme ដល់សហព័ន្ធកីឡាជាតិ ដើម្បីសម្រួចការអភិវឌ្ឍន៍អត្តពលិក ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា សិក្ខាសាលានេះ ផ្តោតសំខាន់លើកិច្ច ពិភាក្សាជាមួយគ្រប់សហព័ន្ធកីឡាជាតិ និងភាគីពាក់ព័ន្ធ ដែលពួតដៃគ្នា ក្នុងដំណើរការរដ្ឋបាល ក៏ដូចជានីតិវិធីហិរញ្ញវត្ថុ។ លោកបញ្ជាក់ថា ទោះបីការចាប់ផ្តើមដំបូងរៀងលំបាកបន្តិច ប៉ុន្តែការយល់គ្នាល្អ លើកំណែទម្រង់យន្តការអភិវឌ្ឍផែនការធនធានមនុស្ស និងកីឡាករ-កីឡាការិនី នឹងធ្វើឲ្យការអនុវត្តការកាន់តែមានគុណភាព និងមានប្រសិទ្ធភាពថែមទៀត ។

លោកបន្ដថា ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ សល់ពេលប្រហែល ៣ឆ្នាំកន្លះទៀត ឬនៅសល់ ១៣០០ថ្ងៃ បើគិតទៅតាមនិយាមនៃទ្រឹស្តីកីឡា សម្រាប់ការអភិវឌ្ឍបច្ចេកទេសគឺមានរយៈពេលខើចបន្តិច ពីព្រោះថាការកសាងអត្តពលិកម្នាក់ឲ្យក្លាយជាជើងឯក ត្រូវការចំណាយពេលពី ៥ ទៅ ១០ឆ្នាំ ទើបអាចទទួលបាននូវផលដល់កម្រិតកំពូលមួយ ។ ហេតុនេះ គ្រប់សហព័ន្ធទាំងអស់ត្រូវធានាការអនុវត្តផែនការរបស់ខ្លួនឲ្យបានលឿន និងទទួលខុសត្រូវផងដែរ ។

លោកសង្កត់ធ្ងន់ថា «ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានផែនការច្បាស់លាស់ក្នុងការតម្រង់ទិសដល់សហព័ន្ធ កីឡាជាតិទាំងអស់មានកាតព្វកិច្ច និងកំណត់គោលដៅ ក្នុងការទទួលខុសត្រូវចំពោះជាតិទាំងមូលសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣»

ឆ្លៀតឱកាសនោះ លោក ប៉ូ រតនា អគ្គលេខាធិការរង CAMSOC ក៏បានធ្វើបទបង្ហាញអំពីនីតិវិធីហិរញ្ញវត្ថុក្នុងការរៀបចំគម្រោងស្នើសុំថវិកា សម្រាប់កម្មវិធីអភិវឌ្ឍអត្តពលិកតាមជំនាញប្រភេទកីឡានីមួយៗ សម្រាប់ការហ្វឹកហាត់ និងការបណ្តុះ បណ្តាលនៅក្រៅប្រទេស រយៈពេលខ្លី មធ្យម និងរយៈពេលវែង ក៏ដូចជាការផ្ដល់ញ្ចប់ថវិកាសម្រាប់ការប្រកួតជើងឯក និងការប្រកួតជម្រុះអូឡាំពិក ឬឡើងចំណាត់ថ្នាក់ (Ranking) ជាផ្លូវការរបស់សហព័ន្ធកីឡាអន្តរជាតិផងដែរ។

លើសពីនេះ លោកបានប្រាប់មន្ត្រីសហព័ន្ធកីឡាជាតិនានា ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីបានស្វែង យល់អំពីនីតិវិធីស្នើសុំថវិកា ដើម្បីឲ្យស្របតាមគោលការណ៍ និងការណែនាំប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមជាមួយនឹងការធានាឲ្យបានដល់គោលការណ៍ចីរភាព តម្លាភាព គណនី ភាព សុចរិតភាព និងស័ក្តិសិទ្ធភាព ដែលមានចែងជាធរមាន ក្នុង ផែនការមេឆ្ពោះទៅការធ្វើម្ចាស់ផ្ទះ SEA Games ឆ្នាំ២០២៣ ទៀតផង៕