(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Aston Villa រកបាន ៣ពិន្ទុជាលើកដំបូងក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០១៩-២០២០ ក្នុងសប្តាហ៍ទី៣ ជើងទី១ ក្រោយយកឈ្នះក្រុមភ្ញៀវ Everton ក្នុងលទ្ធផល ២-០ នាយប់មិញនេះ។

កីឡាករ Wesley បានស៊ុតគ្រាប់ទី១ ឲ្យក្រុមទើបឡើងមកលេងនៅ Premier League រដូវកាលនេះនៅនាទី២១ មុនពេលមិត្តរួមក្រុម El Ghazi ធ្វើបានសម្រេចគ្រាប់ទី២ នៅនាទីចុងម៉ោង ៩០+៥ ដើម្បីរក្សា ៣ពិន្ទុពេញនៅកីឡដ្ឋាន Villa Park នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៤១៩២២នាក់។

តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Dean Smith ងើបចេញពីលេខរៀងក្បែរបាតតារាងឡើងមកកាន់ចំណាត់ថ្នាក់លេខ១១ ក្នុង Premier League បណ្តោះអាសន្នវិញ និងជាអ្នកយកឈ្នះក្រុមខ្លាំងមួយនេះលើកដំបូងផងដែរគិតចាប់តាំងពីឆ្នាំ២០១៦ មក ជាមួយនឹងការបរាជ័យ ២ប្រកួត បើកឆាកក្រោមថ្វីជើងរបស់ AFC Bournemouth ២-១ និងចាញ់ Tottenham Hotspur ៣-១ ផងនោះ។

រីឯ Everton វិញបានវិលទៅប្រវត្តិជូរចត់ដែលបានរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមដែលទើបឡើងមកលេងនៅ Premier League គិតចាប់តាំងពីធ្លាប់ចាញ់ក្រុម Fulham ក្នុងលទ្ធផល ២-០ នេះផងដែរកាលខែសីហា ឆ្នាំ២០១១ ទើបរកបាន ៤ពិន្ទុក្នុងចំណោម ៣ប្រកួត ក្រៅពីធ្លាប់ឈ្នះ១ ស្មើ១ និងចាញ់១ដូចគ្នា៕