(ភ្នំពេញ)៖ តារាកំប្លែងស្រីវ័យក្មេង​ ជាកូនស្រីបង្កើតរបស់អ្នកដឹកនាំកម្មវិធីទូរទស្សន៍ លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ គឺកញ្ញា វ៉ាន់ នីឡា ត្រូវបានគេសម្គាល់ឃើញថា ក្រោយពីផ្ដាច់ពាក្យ ជាមួយអតីតគូដណ្ដឹង គឺលោក ផន រង្សី រួចមក ស្រីស្អាត វ៉ាន់ នីឡា ក៏បានចាប់ផ្ដើមសាងស្នេហ៍ថ្មី​ ជាមួយបុរសសង្ហាវ័យក្មេងម្នាក់ ខណៈដែលអ្នកទាំងពីរតែងតែបញ្ចេញ រូបភាពផ្អែមល្ហែមជាមួយគ្នា​ជាបន្តបន្ទាប់។ យ៉ាងណាមិញ ក្រោយពីទាក់ទងគ្នា ជាយូរខែឆ្នាំរួចមក ពេលនេះស្រីស្អាត នីឡា ក៏នឹងត្រៀមខ្លួនដឹកដៃគូស្នេហ៍​ចូលរោងការ នៅដើមឆ្នាំ២០២០​នេះ​ ប៉ុន្តែរូបភាព Pre Wedding មួយចំនួនត្រូវបានទម្លាយរួចទៅហើយ។

ជាការពិតណាស់ ថ្មីៗនេះតារាកំប្លែងរូបស្រស់ កញ្ញា វ៉ាន់ នីឡា បានបញ្ចេញនូវរូបថត Pre Wedding មុនពេលរៀបការនៅលើបណ្ដាញសង្គមរបស់ខ្លួនជាច្រើនសន្លឹក ធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍។ ភ្ជាប់ជាមួយនឹងរូបថតមុនរៀបការនេះ ក៏ត្រូវបានឪពុក វ៉ាន់ នីឡា បង្ហើបឲ្យដឹងថា នាងនឹងត្រៀមខ្លួនរៀបការ បញ្ចប់ជីវិតនៅលីវ នៅក្នុងឆ្នាំក្រោយនេះហើយ ពោលគឺឆ្នាំ២០២០​។ ទោះជាយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេថា កូនស្រីតាវ៉ិចទ័រ នឹងកំណត់យកថ្ងៃខែណាមួយ ជាថ្ងៃវេលារៀបការរបស់ខ្លួននៅឡើយទេ ប៉ុន្តែបើតាមការបញ្ជាក់របស់ លោកតា វ៉ិចទ័រ លោកថាគ្រោងនឹងរៀបចំឲ្យកូនស្រី នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ដំណឹងនេះបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ ស្រីស្រស់វ៉ាន់ នីឡា បានសម្ដែងនូវក្ដីអបអរសាទរដល់នាង ដែលបានរកឃើញស្នេហ៍ពិត នឹងបានកាន់ដៃគ្នាចូលរោងការ ខណៈដែលកន្លងមក ស្រីស្អាតរូបនេះធ្លាប់បរាជ័យស្នេហ៍ ដោយត្រូវផ្ដាច់ពាក្យជាមួយនឹងអតីតគូដណ្ដឹង ម្ដងរួចមកហើយ។

គួរជម្រាបថា កញ្ញា វ៉ាន់ នីឡា ធ្លាប់បានភ្ជាប់ពាក្យម្ដងរួចមកហើយ ជាមួយអតីតគូដណ្ដឹង គឺលោក ផន រង្សី ដែលជាកូនប្រុសថៅកែវង្សល្ខោន ភី សុគន្ធី នៅខេត្តតាកែវ កាលពីឆ្នាំ ២០១៦កន្លងទៅ តែពួកគេបានផ្ដាច់ពាក្យនឹងគ្នាទៅវិញ ដោយសារពួកគេមានថ្ងៃខែមិនល្អ។ យ៉ាងណាមិញ ក្រោយពីបែកពីអតីតគូដណ្ដឹង ពេលនេះ ​​នីឡា ក៏នឹងត្រៀមខ្លួនរៀបការ​ជាមួយគូស្នេហ៍ថ្មី ខណៈដែលអតីតគូដណ្ដឹងរបស់នាង គឺបានរៀបការរួចទៅហើយ​៕