(តូរីន)៖ លោក Maurizio Sarri អ្នកចាត់ការទូទៅក្លឹបយក្សអ៊ីតាលី Juventus នឹងត្រូវខកខានដឹកនាំ ២ប្រកួតបើកឆាក Italy-Serie A រដូវកាលថ្មីឆ្នាំ២០១៩-២០២០ ដោយសារជំងឺរលាកសួត។ នេះបើយោងតាមការចេញផ្សាយដោយ The Sun នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។

នេះជាការខកខានដឹកនាំក្រុម Juventus លើកដំបូងជាផ្លូវការក្នុងក្របខណ្ឌ Serie A រដូវកាលថ្មី ចាប់តាំងពីបានចាកចេញពីក្លឹប Chelsea របស់បុរសវ័យ ៦០ឆ្នាំលោក Sarri ដែលត្រូវបានបណ្តាញសារព័ត៌មានខាងលើបានឲ្យដឹងថា លោកកំពុងតែមានបញ្ហាជំងឺរលាកសួតធន់ធ្ងរ និងត្រូវបន្តសម្រាកព្យាបាល ដែលជាហេតុធ្វើឲ្យខកខានការដឹកនាំក្រុមការពារជើងឯក Serie A ទល់នឹងក្រុម Parma និងក្រុម Napoli។

គួរបញ្ជាក់ផងថា នេះជាការប្រកួតក្នុងសប្តាហ៍ទី១ ជើងទី១ នៃក្របខណ្ឌបាល់ទាត់អ៊ីតាលី Serie A រដូវកាល ២០១៩-២០២០ ក្នុងការប្រជែងយក ៣ពិន្ទុដំបូង ខណៈក្រុមខ្លាំង Juventus ត្រូវប៉ះម្ចាស់ផ្ទះ Parma នៅរាត្រីថ្ងៃទី២៤ខែសីហានៅកីឡដ្ឋាន Stadio Ennio Tardini៕