(ភ្នំពេញ)៖ អតីតម្ចាស់ជ័យលាភីក្នុងកម្មវិធី «Cambodia’s Next Top Model» កញ្ញា ចាន់ គង្ការ ថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈ​ការគ្រងឈុតប្រពៃណីខ្មែរយ៉ាងសមសួន ជាមួយនឹងទឹកសមសុភាពរាបសារសមជានារីខ្មែរ​។ ស្ថិតក្នុងសម្លៀកបំពាក់ស្នាដៃកូនខ្មែរ ច្នៃឡើងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ មានឈ្មោះថាឈុត «រំដួលអង្គរ» ដែល ចាន់ គង្ការ បានគ្រង ពិតជាមើលទៅមានភាពទាក់ទាញ និងរស់រវើកតែម្តង។​

ជាក់ស្តែង ជាមួយនឹងការបង្អួតសម្រស់ក្នុងឈុត «រំដួលអង្គរ» នេះផងដែរ ចាន់ គង្ការ កំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន។ ព្រោះឈុតនេះ ជាការច្នៃឡើងយ៉ាងប្រណិត បែបបុរាណលាយសម័យ យោងតាមរចនាបទអង្គរមានអត្ថន័យជ្រាលជ្រៅ បង្កប់ក្នុងដួងព្រលឹងនៃស្ត្រីខ្មែរ។

កញ្ញា ចាន់ គង្ការ បានបង្ហាញពីបំណងនៃការគ្រងឈុត «រំដួលអង្គរ» នេះតាមរយៈខ្លឹមសារសរសេរលើបណ្តាញសង្គមថា ព្រោះតែស្រឡាញ់អ្វីជារបស់ខ្មែរ ជាពិសេសគឺចង់ឲ្យបងប្អូនខ្មែររួមគ្នាការងារវប្បធម៌ខ្មែរ និងជួយផ្សព្វផ្សាយឲ្យកាន់តែច្រើន ដើម្បីឲ្យពិភពលោកបានស្គាល់៕