(ភ្នំពេញ)៖ បន្ទាប់ពីកំណត់ថ្ងៃប្រកាសបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បាន ប្រកាសថ្ងៃលក់សំបុត្រចូលទស្សនាក្រុមគោព្រៃកម្ពុជា ប៉ះក្រុមជម្រើសជាតិហុងកុងផងដែរ ដោយគ្រោងលក់នាថ្ងៃ ទី ២៦ ខែសីហា ដើមសប្ដាហ៍ក្រោយ។

សូមរំឭកថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិហុងកុង ក្នុងជើងទី១ នៃពានរង្វាន់ បាល់ទាត់ពិភពលោក ឆ្នាំ២០២២ វគ្គជម្រុះជុំទី២-តំបន់អាស៊ី នៅប្រទេសកាតា (FIFA World Cup 2022) នាថ្ងៃទី០៥ ខែកញ្ញា មុនបន្ដបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមជម្រើសជាតិបារ៉ែននាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។

ដោយឡែកសំបុត្រចូលរួមទស្សនាការប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃកម្ពុជានេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា រក្សាតម្លៃនៅដដែល ពោលគឺតម្លៃ ១០,០០០រៀល សម្រាប់កន្លែងអង្គុយមានកៅអី និងដំបូល និងតម្លៃ ៥,០០០រៀល សម្រាប់កន្លែងអង្គុយធម្មតា។ ចំពោះការប្រកួតនឹងចាប់ផ្ដើមនាវេលាម៉ោង ៦៖៣០នាទីល្ងាច ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ផងដែរ៕