(ភ្នំពេញ)៖ ចំណងស្នេហ៍រាប់ឆ្នាំ ដែលមហាជនតែងតែនឹកស្មានមិនដល់ រវាងអ្នកនាង ​ស៊ឹ​ម សូលី​កា និង​​លោក អេ​ង រិ​ទ្ធី បានបង្ហាញចេញជារូបរាងហើយ ខណៈពួកគេកំពុងត្រៀមដឹកដៃគ្នា​ ចូលរោងការបំបាត់ពាក្យរអេចរអូចទាំងឡាយ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ​។ ប៉ុន្តែអ្វីដែលទស្សនិកជន កត់សម្គាល់ឃើញមួយទៀត គឺពួកគេបែរជារៀបមង្គលការ ក្នុងរដូវចូលព្រះវស្សាទៅវិញ ដែលចាស់ទុំពីបុរាណបានហាមប្រាម មិនឲ្យមានពិធីរៀបការ ឬពិធីមង្គលអ្វីកើតឡើង ក្នុងរដូវនេះឡើយ។

​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក ​របស់ពិធីការិនីមានឥទ្ធិពលជាងគេ នៅទូរទស្សន៍បាយ័ន អ្នក​នាង​ ស៊ឹ​ម សូលី​កា ​បាន​បង្ហោះប្រយោគយ៉ាងខ្លី​ថា «Bride ០៩.០៩.២០១៩»។​ ​ក្នុង​នោះ​ក៏​បាន​បង្ហាញ​នូវ រ៉ូ​ប​អាពាហ៍ពិពាហ៍​ពណ៌​ស​ យ៉ាង​ស្រស់​ស្អាត​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន ដែល​មាន​ន័យ​ថា ទីបំផុត​អ្នក​នាង​បាន​ត្រៀមខ្លួន​ធ្វើ​ជា​កូនក្រមុំ​រួចរាល់​ហើយ ពោល​គឺ​ពិធី​រៀប​ការ​រវាង​អ្នក​នាង និងប្ដី​ នឹង​ប្រារព្ធ​ធ្វើ​ឡើង។

យ៉ាងណាមិញ ដំណឹង​រៀប​មង្គលការដ៏គួរឲ្យភ្ញាក់ផ្អើលនេះ​​ បាន​ក្លាយ​ទៅជា​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ ពី​សំណាក់​ទស្សនិកជន ដែល​ចូល​ចិត្ត​ចង់ដឹងពីជីវិត​ឯកជន​តារា​ប្រុស​ស្រី​ជើង​ចាស់ទាំងពីរ ដែល​បាន​បង្កាត់ភ្លើង​ស្នេហ៍​ផ្អែមល្ហែម​ ធ្វើ​ឲ្យ​អ្នកគាំទ្រ​នឹក​ស្មាន​មិន​ដល់​ ដោយសារ​តែ​អ្នក​ទាំង​ពីរ​ធ្វើការ​រួម​គ្នា​ជា​ដៃគូ​ច្រើន​ឆ្នាំ បែរជា​ក្លាយ​ពី​មិត្តភាព​ទៅ​ជា​ស្នេហា​។ ភាព​ទាក់ទាញ​របស់​គូស្នេហ៍​នេះ ​បាន​កើតឡើង ក្រោយ​ពេល​គេ​ឃើញ ស៊ឹ​ម សូលី​កា បង្ហោះ​ពាក្យ​ពេ​ច​ន៍​មួយ​ចំនួន​ឲ្យ​គេឯង​កត់សម្គាល់ និង​ខ្លះ​បាន​សម្តែង​នូវ​ការ​អបអរ​ចំណង​ស្នេហ៍​រឹង​មាំ​ចាក់​ឫស​ឈាន​ដល់​មង្គលការ។

ទោះជា​យ៉ាងណា​ក្តី​លោក អេ​ង រិ​ទ្ធី បាន​ក្លាយជា​បុរស​មាន​សំណាងធំ ដែលបានចូល​មក​កាន់​ជីវិត ស៊ឹ​ម សូលី​កា ធ្វើ​ឲ្យ​ចេញ​នូវ​សញ្ញាណ​ល្អ​ៗ​ពេញចិត្ត​ពេញ​ថ្លើម ទាំង​អ្នក​នាង​ផ្ទាល់​ក៏​ដូច​ជា កូនស្រី​ ក៏​ពេញចិត្ត និងមានការ​បើក​ចិត្ត​ទទួលយក​លោក អេ​ង រិ​ទ្ធី មក​គ្រប់គ្រង​អ្នក​ម្តាយ​ពេញទំហឹង​ផងដែរ៕