(ភ្នំពេញ)៖ ការជោគជ័យរបស់មនុស្សម្នាក់ៗ មិនមែនបានមកដោយគ្មានការប្រឹងប្រែងឡើយ។ អ្នកនាង ឆិល​ ពេជ្រពណ្ណរា ត្រូវបានគេដឹងថា គឺជាប្រធានក្រុមរាំមួយរូប ដែលប្រឡូកក្នុងវិស័យនេះ ជិត២០ឆ្នាំមកហើយ។​ តែយ៉ាងណា មកទល់នឹងបច្ចុប្បន្ននេះ អ្នកនាង បានធ្វើឲ្យគ្រប់គ្នាកោតសរសើរមិនដាច់ពីមាត់ នូវសមិទ្ធផលបានមកដោយការប្រឹងប្រែងរបស់ខ្លួន​ ដោយបានវិវត្តន៍ពីអ្នករាំ ទៅជានាយិការឆ្នើមទទួលបានពានរង្វាន់ពី រាជរដ្ឋាភិបាលថៃ។

ពិតណាស់ អ្នកនាង ឆិល ពេជ្រពណ្ណរាយ បានប្រឡូកក្នុងវិស័យសិល្បៈក្នុងនាមជាប្រធានក្រុមអ្នករាំ អស់រយៈពេល ១៩ឆ្នាំមកហើយ បើគិតមកទល់នឹងឆ្នាំ២០១៩នេះ។ ការទឹកចិត្តតស៊ូ ខិតខំប្រឹងប្រែង ធ្វើអ្វីមួយឲ្យល្អអស់ពីសមត្ថភាព អ្នកនាង បានប្រែក្លាយមុខមាត់ថ្មី ទៅជានាយិការឆ្នើម នាំចូលផលិតផលថែរក្សារសម្រស់ពីបរទេស ដោយមានការគាំទ្រខ្លាំងពីអតិថិជន។​

ដូច្នេះពាក់ព័ន្ធនឹងវិធីសាស្ត្រជោគជ័យទាំងនេះ អ្នកនាង នឹងមកបង្ហាញដល់ទស្សនិកជនឲ្យបានជ្រាប់កាន់តែច្បាស់ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ Fresh News នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នាម៉ោង ៧៖០០ ដល់ ៨៖០០ នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅយប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោងដដែល៕