(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅថា CAMSOC នៅថ្ងៃទី២២ ខែសីហានេះ បានប្រកាស​រៀបចំការប្រឡងជ្រើសរើសគំនូរស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» SEA Games-2023 ដើម្បីអនុវត្តតាមផែនការសកម្មភាព និងផែនទីបង្ហាញផ្លូវរបស់ខ្លួន។

យោងតាមសេចក្ដីជូនដំណឹងរបស់ CAMSOC បានឲ្យដឹងថា ការប្រឡងប្រណាំងជ្រើសរើសគំនូរស្លាកសញ្ញា «Logo» -SEA Games, 2023 ត្រូវមានភ្ជាប់​ជាមួយនូវស្លាកសញ្ញាជាគំរូនៃការប្រកួតកីឡា SEA Games មុនៗ។ ចំណែកឯការប្រឡងគំនូរនិមិត្តរូប «Mascot» - SEA Games, 2023 ត្រូវយករូប «សុភាទន្សាយ» ជាសត្វតំណាង។

ប៉ុន្ដែការចូលរួមប្រឡងនេះមាន ៥លក្ខខណ្ឌ ទី១-បេក្ខជនទាំងពីរភេទ មានអាយុចាប់ពី ១៥ឆ្នាំឡើង។ ទី២-ជនជាតិខ្មែរ-សញ្ជាតិខ្មែរ។ ទី៣-គោរពតាមការវិនិច្ឆ័យរបស់ «CAMSOC» ក្នុងការជ្រើសរើសជយលាភី។ ទី៤-ជយលាភីត្រូវផ្តល់សិទ្ធិប្រើប្រាស់ Logo-Mascot ជាស្នាដៃរបស់ជយលាភីផ្តាច់មុខដល់ «CAMSOC» និងទី៥-ជយលាភីនឹងទទួលបានកិត្តិយសជាភ្ញៀវពិសេសរបស់ «CAMSOC» ក្នុងកម្មវិធីប្រកួតកីឡា SEA Games, ឆ្នាំ២០២៣ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពី CAMSOC ថែមទៀត។

ដូច្នេះសម្រាប់បេក្ខជនទាំងអស់ ដែលមានចំណាប់អារម្មណ៍ ឬជឿជាក់លើសមត្ថភាពរបស់ខ្លួនចង់ចូលរួមបង្ហាញស្នាដៃ និងបន្សល់នូវស្នាដៃក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រខាងលើ ត្រូវដាក់ស្នាដៃរបស់ខ្លួន ដែលជាសំណៅដើមដល់លេខាធិការដ្ឋាន CAMSOC ដែលមានទីតាំងនៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ឬទាក់ទងទូរសព្ទលេខ៖ ០៩៥ ៦៦៦ ៨១១ / ០៩៨ ៩៤៨ ៨៩១ / ០៨១ ៥៤៤ ៧៨៣៕