(ភ្នំពេញ)៖ កំលោះសង្ហា ហ៊ី ប៊ុនថា ដែលជាអតីត Freshie ឆ្នាំ២០១៩​ ទោះបរាជ័យក្នុងការប្រកួត Freshie ក្តី តែពេលនេះលោកមាឱកាសពិសេសមួយ ក្នុងការទៅបង្ហាញសមត្ថភាពក្នុងកម្មវិធីលំដាប់ ថ្នាក់ពិភពលោក នៅប្រទេសមីយ៉ាន់ម៉ា។ ទន្ទឹមគ្នានេះដែរ តារាម៉ូដែល ហ៊ី ប៊ុនថា បានចេញទៅមីយ៉ាន់ម៉ា នៅព្រឹកនេះហើយ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាថា នឹងយកពានមកប្រទេសវិញ តាមរយៈការបង្ហាញលើឆាកអន្តរជាតិឲ្យអស់ពីសមត្ថភាពតែម្តង។

ថ្លែងប្រាប់ Fresh News នៅព្រឹកចេញដំណើរថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នេះ លោក ហ៊ី ប៊ុនថា បានឲ្យដឹងថា លោកបាននាំយកក្បាច់គុនល្បុក្កតោខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិ ជាមួយនឹងឈុតតំណាងប្រទេសដែលមានឈ្មោះថា «ស្តេចនាគរាជ» ខណៈឈុតស្តេចនាគរាជនេះ គឺមានការរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដោយបង្ហាញពីលក្ខណៈពិសេសជាច្រើនកន្លែងបង្កប់ក្នុងនោះ។​ លើសពីនេះ​ គឺមានបង្ហាញនូវទាំងតំបន់ប្រាសាទអង្គវត្តមានកម្ពុជា ដែលទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន ឲ្យប្រទេសដទៃបានស្គាល់ផងដែរ។

លោកបន្តថា កម្មវិធីនេះគឺមានការចូលរួមពីបណ្តាប្រទេសចំនួន៣១ ពិភពលោក ដែលមានប្រទេសមីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះ សមាសភាពដែលអាចចូលរួមប្រកួតពីបណ្តាប្រទេសនីមួយៗ មានទាំងនារីនិងបុរស ប៉ុន្តែកម្ពុជាមានតែលោកម្នាក់ទេ មិនមែនផ្នែកនារីឡើយ ព្រោះតែគ្មានអ្នកឧបត្ថម្ភទៅ ខណៈប្រទេសដទៃទៀត គេមានទាំងបុរស-នារី។

ក្នុងការចេញដំណើរទៅប្រកួតព្រឹកនេះ លោក ហ៊ី ប៊ុនថា បានបង្ហាញនូវការប្តេជ្ញាចិត្តថា នឹងខិតខំប្រកួតឲ្យអស់ពីសមត្ថភាពឲ្យមានភាព លេចធ្លោរក្នុងកម្មវិធី «Mister Touism and Culture Universe» នេះ។ តែយ៉ាងណាលោកបានធ្វើការសំណូមពរ ដល់បងប្អូនប្រជាជនខ្មែរ សូមចូលរួមគាំទ្រនិងលើកទឹកចិត្តលោកឲ្យបានច្រើន តាមរយៈចូលរួមបោះឆ្នោត ប្រជាប្រិយភាព ព្រោះនៅថ្ងៃផ្តាច់ព្រ័ត្រគឺមានការបោះឆ្នោតនៅតាមបណ្តាញសង្គម។

សូមជម្រាបថា លោក ហ៊ី ប៊ុនថា បានចាកចេញពីប្រទេសកម្ពុជាទៅប្រកួតនៅប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នេះ។ កម្មវិធីប្រកួតនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩៕