(ក្រុងរ៉ូម)៖ ក្លឹបយក្សអ៊ីតាលី Inter Milan បានទន្ទឹងរង់ចាំចម្លើយពី Manchester United ពីសំណើសុំខ្ចីកីឡាករខ្សែប្រ យុទ្ធជួរមុខ Alexis Sanchez ក្រោយពេលទិញបាន Romelu Lukaku មកហើយនោះនាពេលថ្មីនេះ។

ក្លឹបលេងនៅក្របខណ្ឌកំពូលអ៊ីតាលី Serie A មួយនេះបានដាក់ការចាប់អារម្មណ៍ទៅកីឡាករឈីលី វ័យ ៣០ឆ្នាំក្នុងអំឡុងទីផ្សារដោះដូរកីឡាករកាលខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីនេះ គ្រាដែល Sanchez ក៏មិនស្ថិតក្នុង ជម្រើស ១១នាក់ដំបូងរបស់អ្នកចាត់ការ Ole ផងនោះ និងបានរុញឲ្យទៅហ្វឹកហាត់ជាមួយឈុតបម្រុងផងដែរ។

Sanchez មិនបានស្ថិតក្នុងបញ្ជីកីឡាករលេងទល់នឹង Chelsea និង Wolves នៅ Premier League ឡើយ បន្ថែមលើការមិនបានចូលរួមជាមួយ Man Utd ក្នុង ៦ប្រកួតនៅ Pre-season មុនបើករដូវកាលទៀតនោះ ខណៈរូបគេជាប់កាតព្វកិច្ចជាមួយជម្រើសជាតិឈីលីក្នុងព្រឹត្តិការណ៍ Copa America 2019 នៅប្រទេសប្រេស៊ីល។

គួរដឹងដែរថា Alexis Sanchez បានចាយពេលអស់ ១៩ខែលេងនៅទឹកដី Old Trafford រកបានតែ ៥គ្រាប់ប៉ុណ្ណោះ ពីការចូលលេងបាន ៤៥ប្រកួត គិតចាប់តាំងពីបានចូលរួមជាមួយក្លឹបស្ថិតនៅទីក្រុង Manchester មួយនេះកាលខែ មករា ឆ្នាំ២០១៨ ក្រោយចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ដែលជាគូប្រជែងនៅ Premier League ដូចគ្នា៕