(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាចម្រៀងស្រីដែលនិយមចូលចិត្ត ស្លៀកសិចស៊ី​ខើចលើខើចក្រោម កញ្ញា រតនៈ ពិសី បច្ចុប្បន្នគេសង្កេតឃើញ តារាស្រីរូបនេះ​ ហាក់មានសន្ទុះខ្លាំងក្នុងការងារសិល្បៈ ជាពិសេសនោះនាងតែងតែក្ដាប់បានឱកាស ចេញទៅសម្ដែងនៅក្រៅប្រទេស ជាញឹកញាប់។ យ៉ាងណាមិញ ស្របពេលការងារសិល្បៈកំពុងតែមមាញឹក ស្រាប់តែថ្មីៗនេះ តារាស្រីចូលចិត្តបញ្ចេញដើមទ្រូងមូលក្បំរូបនេះ ទម្លាយពីការចុះកិច្ចកុងត្រា ជាមួយនឹងផលិតកម្មថោន រយៈពេល៥ឆ្នាំ ស្របពេលដែលខ្លួនទទួលបានការអញ្ជើញឲ្យចេញទៅសម្ដែង នៅប្រទេសអូស្រ្តាលី រយៈពេល៣ខែ​។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ ត្រូវបានស្រីស្អាត រតនៈ ពិសី ទម្លាយឲ្យដឹងថា នាងទើបតែចុះកុងត្រាថ្មីៗក្ដៅៗក្នុងផលិតកម្មថោន រយៈពេល៥ឆ្នាំ ទៅលើការច្រៀង និងសម្ដែង ខណៈដែលថ្មីៗនេះ ស្រីស្អាត សុវត្ថិឌី ធារិកា ក៏ទើបនឹងទម្លាយដែរថា នាងចុះកុងត្រាក្នុងផលិតកម្មថោនដូចគ្នា ដែលការទទួលចុះកុងត្រា​របស់កញ្ញា រតនៈ ពិសី ក្នុងផលិតកម្មថោន គឺស្របពេល ដែលនាងទទួលបានឱកាសធំ ទៅសម្ដែងនៅប្រទេសអូស្រ្តាលី រយៈពេល៣ខែ ចាប់ផ្ដើមនៅចុងខែសីហានេះ​។

រតនៈ ពិសី បានថ្លែងប្រាប់ Fresh News និង Khmer​Talking ថា «នាងពិតជាមានអារម្មណ៍សប្បាយចិត្ដជាពន់ពេក ដែលនាងមានឱកាសធំៗពីរនៅនឹងដៃ ក្នុងពេលតែមួយ គឺការចុះការត្រាច្រៀងក្នុងផលិតកម្មថោន និងក្ដីស្រមៃចេញទៅសម្ដែងនៅក្រៅប្រទេស ដោយការចេញទៅសម្ដែងលើកនេះ នាងសង្ឃឹមថា នឹងមានការគាំទ្រច្រើនពីសំណាក់ បងប្អូនខ្មែរដែលរស់នៅទីនោះ»

រតនៈ ពិសី និយាយថា​ «ច៎ាបង...ខ្ញុំពិតជាសប្បាយចិត្ត ដែលការងារសិល្បៈចេះតែជោគជ័យបណ្ដើរៗ ដោយថ្មីៗនេះខ្ញុំទើបតែចុះកិច្ចសន្យាច្រៀង និងសម្ដែង នៅក្នុងផលិតកម្មថោន រយៈពេល៥ឆ្នាំណាបង...!​។ ម្យ៉ាងទៀតខ្ញុំក៏ទទួលបានទិដ្ឋាការ រយៈពេល៣ខែ ​ទៅច្រៀងនិងសម្ដែងនៅប្រទេសអូស្រ្តាលី ជួបជាមួយបងប្អូនខ្មែរយើងនៅទីនោះ ហើយខ្ញុំត្រៀមចេញ​ទៅនៅចុងខែសីហានេះហើយបង..!!»

ដោយឡែក សម្រាប់ការចុះកិច្ចកុងត្រា រយៈពេល៥ឆ្នាំ ធ្វើជាតារាចម្រៀង និងសម្ដែងក្នុងផលិតកម្មថោន ត្រូវបានតារាស្រីសាច់សដូចបណ្ដូលចេក រតនៈ ពិសី មានការរំពឹងយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ខណៈដែលនាងសង្កេតឃើញ តារាចម្រៀងនៅក្នុងផលិតកម្មល្បីមួយនេះ សុទ្ធតែមានកេរ្តិ៍ឈ្មោះបោះសំឡេង និងមានភាពល្បីល្បាញជាបន្តបន្ទាប់​៕