(បរទេស)៖ ទីបំផុតតារាសម្តែងសំបូរសាច់ដុំ Dwayne Johnson ដែលត្រូវបានគេស្គាល់ថា The Rock បានរៀបការជាមួយមិត្តស្រីរបស់ខ្លួន ហើយក្រោយទាក់ទងគ្នាអស់រយៈពេលជាង ១៣ឆ្នាំ និងមានកូនស្រី ២នាក់ជាមួយគ្នា។ នេះបើតាមការប្រកាសនៅលើបណ្តាញសង្គម Instgram របស់ The Rock ផ្ទាល់ដែលមានអ្នកគាំទ្រជាង ១៥៤លាននាក់។

រូបថតមង្គលការចំនួន ២សន្លឹកបែបសាមញ្ញ និងមានលក្ខណៈឯកជនតូចមួយរបស់ The Rock ជាមួយភរិយា Lauren Hashian បានបង្ហោះនៅថ្ងៃទី ១៩ សីហាម្សិលមិញនៅលើគណនីរបស់លោកផ្ទាល់ជាមួយ Caption «​We do. August 18th, 2019. Hawaii. Pōmaikaʻi (blessed)» ដែលមានន័យថា «ពួកយើងធ្វើនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៩ នៅរដ្ឋហាវ៉ៃ! សូមព្រះប្រទានពរ» បានចែករំលែករាប់លានដងនៅលើបណ្តាញសង្គម ជាពិសេសមាន​ការអបអរពីសំណាក់តារាហូលីវូដល្បីៗជាច្រើនដូចជា Gal Gadot, Ryan Reynolds, Karen Gillan, P Diddy, Jessica Chastain, Nicole Scherzinger, Scooter Braun, Nick Jonas, Naomi Campbell ជាដើម។

គួរឱ្យដឹងថា The Rock និងភរិយាបានស្គាល់គ្នាដំបូងក្នុងឆ្នាំ ២០០៦ ពេលចូលរួមសម្តែងរឿង «The Game Plan» ហើយបច្ចុប្បន្នពួកគេមានកូនស្រីចំនួន ២នាក់ គឺ Jasmine (២០១៥) និង Tiana (២០១៨) ។ ដោយឡែក The Rock ធ្លាប់រៀបការម្តងរួចមកហើយនៅឆ្នាំ ១៩៩៧ ជាមួយផលិតករខ្សែភាពយន្ត Dany Garcia ប៉ុន្តែបានចែកផ្លូវគ្នានៅឆ្នាំ ២០០៧ ទទួលបានកូនស្រីម្នាក់ឈ្មោះ Simone Alexandra Johnson អាយុ ១៨ឆ្នាំ៕