(ក្រុងឡុងដ៍)៖ ការប្រកួតប្រជែងដណ្តើម ៣ពិន្ទុរបស់ក្រុមខ្លាំងនៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League 2019-2020 សម្រាប់រដូវកាលថ្មីការប្រកួតរវាងក្រុមហង្សក្រហម Liverpool ត្រូវបន្តប្រជែងតំណែងកំពូលតារាងជាមួយក្រុម Arsenal ក្នុងសប្តាហ៍ទី៣ ជុំទី១ ដែលការប្រកួតធ្វើឡើងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ចុងសប្តាហ៍នេះ។

ក្រុមដឹកនាំដោយលោក Jurgen Klopp ដែលជាជើងឯករងរដូវកាលមុន Liverpool ត្រូវបើទ្វារកីឡដ្ឋាន Anfield ទទួលក្រុមភ្ញៀវ Arsenal ដែលដឹកនាំដោយលោក Unai Emery ក្នុងការប្រកួតដណ្តើម ៣ពិន្ទុបន្តនៃលីគអង់គ្លេស Premier League 2019-2020 គ្រាក្រុមទាំងពីរក៏កំពុងតែមានបញ្ហាកីឡាកររបួសដោយក្រុមហង្សក្រហម មានកីឡាកររបួសប្រមាណ ៤នាក់ក្នុងនោះអ្នកចាំទីដៃទី១ Alisson, ខ្សែបម្រើ Keita, Dejan Lovren និងខ្សែការពារ Nathaniel Clyne ខណៈកីឡាករខ្សែការពារ ៥រូបរបស់ក្រុមភ្ញៀវកាំភ្លើងធំ ដែលបន្តនៅក្រៅទីលានដោយសាររបួសមាន Xhaka, Bellerin, Tierney, Holding និង Mavropanos។

គួបញ្ជាក់ផងថា សម្រាប់ការប្រកួតរវាងក្រុម Liverpool និងក្រុម Arsenal នៃលីគកំពូល Premier League រដូវកាលថ្មីក៏ស្ថិតជា​ការប្រកួតសកសឹងពីសំណាក់ក្រុមភ្ញៀវកាំភ្លើងធំ ដែលធ្លាប់ចាញ់ក្រុម Liverpool ទាំងពីជើងក្នុងលទ្ធផល ៤-០ និង ៣-១ កាលពីរដូវកាលមុន៕