(ហូជីមិញ)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំអូស្ត្រាលីបានគ្រងតំណែងជើងឯកពានរង្វាន់ AFF U18 Championship 2019 នៅប្រទេសវៀតណាម ក្រោយយកឈ្នះ U18 ម៉ាឡេស៊ី ១-០ នៅនាទីចុងម៉ោង ដែលតាមទាន់ កំណត់ត្រាឈ្នះ ៥ដងស្មើនឹង U18 ថៃ។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមនារាត្រីថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ក្រុមអូស្រ្តាលីដែលធ្លាប់ចាញ់ម៉ាឡេស៊ី ៣-០ កាលប្រកួតវគ្គសន្សំពិន្ទុនៃពូល B នោះ បានទាត់បញ្ចូលទី ១គ្រាប់នៅនាទី៧៩ បន្ទាប់ពីអ្នកចាំទីដៃទី១ ម៉ាឡេស៊ីមានរបួសត្រូវប្តូរចេញទៅហើយនោះ។

លទ្ធផលនេះ បានបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី បើទោះបីជាក្រុមការពារតំណែងជើងឯកម៉ាឡេស៊ី ខិតខំវាយបក តាំងពីដើមវគ្គទី២ យ៉ាងណាក៏ដោយ។

ក្រុម U18 អូស្រ្តាលី បានគ្រងតំណែងជើងឯកពានរង្វាន់ប្រចាំតំបន់ AFF U18 Championship ជំនាន់ទី៤ ក្នុងឆ្នាំ២០០៦ បន្ទាប់ពីព្រឹត្តិការណ៍មានជារៀងឆ្នាំនេះ​ត្រូវបង្កើតឡើងដំបូងតាំងពីឆ្នាំ២០០២ និងបន្ថែម ៤ដងទៀតក្នុង ឆ្នាំ២០០៨ ឆ្នាំ២០១០ ឆ្នាំ២០១៦ និងឆ្នាំ២០១៩ នេះ គ្រាដែល U18 ឥណ្ឌូនេស៊ី ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ផងដែរ ក្រោយបំបាក់ U18 មីយ៉ាន់ម៉ា ៥-០ នៅថ្ងៃចន្ទ ទី១៩ ខែសីហាដូចគ្នា៕