​(ភ្នំពេញ)៖ គម្រោង​មានឈ្មោះថា «តម្រា» ដែលជាការប្រមូលផ្ដុំក្រុមអ្នកនិពន្ធ ដើម្បីផលិតស្នាដៃជាសៀវភៅនិពន្ធដ៏សំបូរបែបនោះ និងជម្រុញការអានបន្ថែម នៅក្នុងប្រទេសកម្ពជា បានលេចជារូបរាងហើយ ដោយកាលពីព្រឹកថ្ងៃទី១៨ សីហា ឆ្នាំ២០១៩ ដែលជាថ្ងៃប្រកាសពីដំណើរការរបស់ខ្លួននោះ ក៏បើកសម្ពោធសៀវភៅស្នាដៃចំនួន៤ ដែលក្រុមតម្រា បានបោះពុម្ពផ្សាយ​។

អ្នកនាង ទូច បុប្ផា នាយិកាតម្រា បានថ្លែងថា ដោយសារតែអ្នកនាង និងក្រុមយុវជនមួយចំនួនមើលឃើញថា កម្រិតនៃការអានមានការថយចុះ ស្របពេលដែលស្នាដៃតែងនិពន្ធ ដែលបោះពុម្ពសៀវភៅក៏មិនសូវមាន។​ យុវវ័យសព្វថ្ងៃមិនមែនមិនចង់អានសៀវភៅនោះទេ ប៉ុន្តែបណ្ដាលមកពីស្នាដៃដែលបានផលិតឡើង អាចមិនសូវមានការចាប់អារម្មណ៍ ទើបធ្វើឲ្យការអានធ្លាក់ចុះ។ អ៊ីចឹងហើយទើបអ្នកនាង និងក្រុមការងារបានរួបរួមគ្នាគ្នាបង្កើតគម្រោងនេះឡើង ដើម្បីប្រមូលអ្នកនិពន្ធ ហើយចងក្រងស្នាដៃ ដើម្បីផលិតជាស្នាដៃសៀវភៅ ឲ្យមានគុណភាព និងស្អាតទាក់ទាញ ដើម្បីអោយយុវវ័យងាកមកស្រលាញ់សៀវភៅវិញ។​ សៀវភៅ៤ប្រភេទ ដែលតម្រាបោះពុម្ពផ្សាយរួមមានរឿង «អាគមបរព្រៃ» រឿង «ពេលវេលា», រឿង «បឹងអតីត» និងរឿង «ស្ទូឌីយោលេខ៧» ដែលសុទ្ធតែជាស្នាដៃបង្កប់ដោយអត្ថន័យ និងការអប់រំខ្ពស់។

អ្នកនាងបន្តថា​ ស្នាដៃទាំងនេះ មានលក់នៅតាមបណ្ណាគារធំៗនៅរាជធានីភ្នំពេញ នៅបាត់ដំបង កំពង់ចាម កំពង់ស្ពឺ និងមានចែកជូននៅតាមបណ្ណាល័យសំខាន់ៗ។ ស្នាដៃទាំងអស់របស់តម្រា ក៏មានប្រកាសលក់តាមអនឡាញផងដែរ ខណៈដែល​ក្នុងមួយស្នាដៃៗ ត្រូវបានគេទិញមិនក្រោម១ពាន់ទៅ១៥០០ក្បាលនោះទេ តាំងពីចាប់ផ្ដើមមុនសម្ពោធ ទើបធ្វើអោយអ្នកនាង យល់ថា តម្រូវការនៃការអាននៅតែមានការចាប់អារម្មណ៍ ជាពិសេសពីសំណាក់យុវវ័យ។

អ្នកនាង ទូច ធីតា បន្តថា តម្រានឹងគៀគរអ្នកមានគំនិតចង់បង្កើតស្នាដៃ ឲ្យមានឱកាសផលិតជាសៀវភៅ ប៉ុន្តែក៏ទាមទារឲ្យស្នាដៃទាំងនោះត្រូវតែមានខ្លឹមសារ និងការអប់រំខ្ពស់ ដែលផ្ដល់ប្រយោជន៍ដល់អ្នកអាន​ ទើបតម្រាទិញសិទ្ធិយកមកផលិត។ ក្នុងមួយខែតម្រាប្រកាសបញ្ចេញស្នាដៃមួយរឿង ដោយការបោះពុម្ពតិចឬ​ច្រើន គឺអាស្រ័យលើស្នាដៃនីមួយៗ៕