(ហូជីមិញ)៖ ពានរង្វាន់ប្រចាំតំបន់ AFF U-18 Championship 2019 បានរកឃើញបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រហើយ គឺក្រុមជម្រើសជាតិ U-18 អូស្ដ្រាលី និងម៉ាឡេស៊ី ដែលសុទ្ធតែក្រុមស្ថិតក្នុងពូល B ជាមួយក្រុមជម្រើសជាតិ U-18 កម្ពុជា បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា ធ្លាក់ត្រឹមវគ្គជម្រុះកាលពីពេលថ្មីៗដែលមានវៀតណាម ធ្វើម្ចាស់ផ្ទះ។

ក្រុមជម្រើសជាតិ U-18 អូស្ដ្រាលី និង U-18 ម៉ាឡេស៊ី នឹងត្រូវប៉ះគ្នានាវេលាម៉ោង ៧៖៣០នាទីយប់នេះ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងជើងឯក។ មុនឡើងមកជួបគ្នាជាថ្មីក្នុងវគ្គដ៏ពិសេសនេះ អូស្ដ្រាលីបានយកឈ្នះក្រុម U-18 មីយ៉ាន់ម៉ា ២-១ ខណៈម៉ាឡេស៊ីយកឈ្នះ U-18 ឥណ្ឌូនេស៊ី ដោយលទ្ធផល ៤-៣ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ប៉ុន្ដែអូស្ដ្រាលី និងម៉ាឡេស៊ី ធ្លាប់បានជួបគ្នាក្នុងពូលម្ដងរួចមកហើយ ដោយ U-18 ម៉ាឡេស៊ី បានលត់ក្រុមមាឌធំអូស្ដ្រាលីដោយលទ្ធផល ៣-០។ ដូច្នេះចាំមើលយប់នេះ អូស្ដ្រាលីអាចសងសឹកម៉ាឡេស៊ីដើម្បីលើកពាន ឬម៉ាឡេស៊ីបន្ត ភាពខ្លាំង ក្នុងការគ្រងជើងឯកពានប្រចាំតំបន់នេះ? តែមុនក្រុមទាំងពីរជួបគ្នា មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ក៏ត្រូវប៉ះគ្នាដណ្ដើមលេខ៣ នារសៀលនេះដែរ៕