(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩ បានដំណើរការហើយនៅព្រឹកថ្ងៃទី១៩ ខែសីហានេះ ខណៈកីឡាករ​តាមក្លឹបសមាជិកលីគកំពូលកម្ពុជាភាគច្រើន ក៏មានឈ្មោះក្នុងការប្រឡងថ្នាក់ជាតិនេះដែរ ។

តាមការឲ្យដឹងពីតំណាងក្លឹបនីមួយៗបានឲ្យដឹងថា ថ្ងៃនេះមានកីឡាករប្រមាណជាង ៣០នាក់ បានចូលរួមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដូចជាខេត្តកំពង់ចាមមាន ៧នាក់, អាស៊ីអឺរ៉ុបមាន ៦នាក់, វិសាខាមាន ៥នាក់ និងយុវជនសាលាបាល់ទាត់ជាតិបាទីមាន ៤នាក់។ ឯក្លឹបភ្នំពេញក្រោន អង្គរថាយហ្គឺរ និងសូលទីឡូអង្គរមាន ៣នាក់ដូចគ្នា។ អគ្គិសនីកម្ពុជាមាន ២នាក់ និងនគរបាលជាតិមានម្នាក់។

ខាងលើនេះ សុទ្ធតែសមាជិកក្រុមធំ ដែលមានឈ្មោះលេងក្នុងលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន។ ប៉ុន្ដែក្រៅពីនេះ ក៏មានកីឡាករយុវជនតាមបណ្ដាក្លឹបមួយចំនួនមានឈ្មោះក្នុងការប្រឡងថ្នាក់ជាតិនេះដែរ ដូចជាក្លឹបវិសាខា សូលទីឡូអង្គរ និងព្រះខ័នរាជស្វាយរៀងជាដើម ដែលសុទ្ធតែមានកីឡាករយុវជនចូលរួមប្រឡងច្រើនដូចគ្នា។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នឹងប្រព្រឹត្តទៅ ២ថ្ងៃនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ហើយការប្រឡងត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បង្កើនការយកចិត្តទុកដាក់ និងពង្រឹងនីតិវិធីប្រឡងដដែល ដើម្បីពង្រឹងសមត្ថភាព និងគុណភាពអប់រំកម្ពុជាឲ្យកាន់តែប្រសើរថែមទៀត៕