(ភ្នំពេញ)៖ នៅពេលអ្នកមានការងាររវល់ច្រើន ច្បាស់ជាគ្មានពេលសម្រាកគ្រប់គ្រាន់ឡើយ។ ប៉ុន្តែអ្នកត្រូវដឹងថា ការគេងមិនគ្រប់គ្រាន់ អាចជះឥទ្ធិពលអាក្រក់ ដល់សុខភាពច្រើនយ៉ាង ដែលយើងមិននឹកស្មានដល់ឡើយ។

ភាពធាត់ និងកើតជំងឺលើសឈាម

កង្វះនៃការគេង មិនត្រឹមតែធ្វើឲ្យរាងកាយអស់កម្លាំងនោះទេ វាថែមទាំងធ្វើអ្នកឡើងទម្ងន់ កើនឡើងជាតិខ្លាញ់ឆ្អែត និងជាតិស្ករក្នុងឈាម។ លើសពីនេះវាអាចបង្កឲ្យប៉ះពាល់ដល់សរសៃឈាមបេះដូងផងដែរ។

ផ្ទុយទៅវិញប្រសិនបើអ្នកគេងបានគ្រប់គ្រាន់ វានឹងជួយគ្រប់គ្រងអ័រម៉ូនស្ត្រេសក្នុងរាងកាយ ដែលអាចជួយរក្សាលំនឹង និងសម្ពាធឈាមឲ្យនៅកម្រិតធម្មតា។

ខ្សោយប្រព័ន្ធភាពស៊ាំ

នៅពេលដែលរាងកាយសម្រាកបានគ្រប់គ្រាន់ វានឹងបង្កើតអង់ទីករ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ប៉ុន្តែបើរាងកាយសម្រាកមិនបានគ្រប់គ្រាន់វិញនោះ ហានិភ័យនៃជំងឺទឹកនោមផ្អែម ព្រមទាំងសរសៃឈាមបេះដូងនឹងកើតមានឡើយ។

ស្បែកឆាប់ចាស់

នៅពេលកង្វះនៃការគេង ស្នាមខ្មៅៗនៅក្រោមភ្នែកនឹងលេចឡើង ព្រោះស្រទាប់កូឡាជែន នៅក្នុងកោសិកាស្បែកនឹងត្រូវបំផ្លាញ ដោយសារតែការផលិតអ័រម៉ូន ស្ត្រេសច្រើនពេក។

សូម្បីតែស្ត្រីវ័យក្មេង ដែលកង្វះការគេងញឹកញាប់ ក៏លេចឡើងនូវភាពជ្រីវជ្រួញ ជាពិសេសនៅត្រង់កន្ទុយភ្នែក និងគែមបបូរមាត់សងខាង។

ដូច្នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដូចដែលបានបង្ហាញខាងលើ អ្នកគួរតែព្យាយាមគេងឲ្យបានគ្រប់គ្រាន់ គឺ៧ទៅ៨ម៉ោងក្នុងមួយយប់៕

ប្រភព៖ Royal Ausnz Cambodia