(ភ្នំពេញ)៖ ភាពយន្តខ្នាតធំរបស់ខ្មែរ មានចំណងជើងថា «វាលប្រមាញ់» ដែលត្រូវបានគេដឹងថា ដឹកនាំសម្ដែងដោយផលិតករមកពីបរទេស និងចាយទុនផលិតអស់ប្រមាណជាង១លានដុល្លារ បានបង្ហាញពីទេសភាព និងសក្កតានុពលរីកចម្រើននៅក្នុងខេត្តកោះកុង នឹងត្រូវបង្ហាញវត្តមានបញ្ចាំងនៅក្នុងខែកញ្ញាខាងមុខនេះ។

មកទល់ពេលនេះ ឈុតខ្លីរបស់ភាពយន្តរឿង «វាលប្រមាញ់ ឬ The Prey» ដែលផលិត និងដឹកនាំរឿងដោយលោក ជីមី ហេនឌ័រសុន (Jimmy Henderson) ដែលទស្សនិកជនទូទៅស្គាល់ថាជាអ្នកដឹកនាំរឿងដ៏ឆ្នើមមួយរូបផ្នែកភាពយន្តបែប Action កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែភាពយន្តនេះ ពោរពេញដោយឈុតឆាកវាយតប់ បាញ់ប្រហារ និងផ្សងព្រេង។ ភាពយន្តនេះក៏មានការចូលរួមសហការផលិត ពី «ផលិតកម្មកងចក្រភីកឈ័រ» ដែលបានផលិតភាពយន្តខ្មែររឿង Jailbreak ដ៏ល្បីកាលពីឆ្នាំ ២០១៧ ផងដែរ។

ភាពយន្តនេះទទួលបានការចាប់អារម្មណ៍ គឺដោយសារតែខ្ទង់ផលិតត្រូវបានគេអះអាងថា អស់ជាង១លាន​ដុល្លារសហរដ្ឋអាមេរិក ដោយបានផ្តិតយកទេសភាពដ៏ស្រស់ស្អាតនៅក្នុងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា។ ភាពយន្តរឿង«វាលប្រមាញ់» ចូលរួមសម្តែងដោយ​តារាល្បីៗជាច្រើនរូបមកពីប្រទេសចិន ប្រទេសកម្ពុជា និងប្រទេសថៃ។ ជាពិសេសក៏មានការចូលរួម​ពីក្រុមល្បុក្កតោខ្មែរ ក្នុងឈុតដ៏គ្រោះថ្នាក់ផងដែរ។ លោក ហ្សង់ ប៉ូលី ដែលជាតួឯកក្នុងរឿង Jailbreak គឺជាអ្នកដឹកនាំប្លង់វ៉ៃតប់ បាញ់ប្រហារ ដោយផ្ទាល់សម្រាប់ភាពយន្តថ្មីនេះ។

ភាពយន្តនេះគ្រោងនឹងបង្ហាញជាផ្លូវការនៅថ្ងៃទី ១៣ កញ្ញា ២០១៩ ដែលឧបត្ថម្ភ ដោយ Hard Rock Cafe Phnom Penh។ ចំណែកកម្មវិធីសម្ពោធភាពយន្តនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ១៧ កញ្ញា ២០១៩ ខណៈដែលការចាក់បញ្ចាំងលក់សំបុត្រត្រូវចាប់ផ្ដើមពីថ្ងៃទី១៩ កញ្ញា តទៅ។

ភាពយន្តនេះនិយាយពី ភ្នាក់ងារសំងាត់ចិនឈ្មោះ Xin បានទទួលបេសកកម្មដ៏សំខាន់​មួយជាលក្ខណៈ​អន្តរជាតិ។ គាត់ត្រូវបានគេចាប់បញ្ជូនទៅកាន់គុកនៅក្នុងព្រៃមួយកន្លែងនៃប្រទេសកម្ពុជា ដែល​អនុវត្ត​​ច្បាប់ដាច់​ដោយឡែក។ នៅទីនោះ អ្នកដែលមកកម្សាន្តគឺជាប្រភេទមនុស្សដែលមានប្រាក់​ច្រើនដ៏គួរ​អោយ​​ខ្លាច​ ចំណែកអ្នកទោសក្នុងគុកបានក្លាយជាកូនអុកសម្រាប់ការលេងល្បែងបរបាញ់មនុស្ស។ អស់ពេលជាច្រើនឆ្នាំនៃការបង្ក្រាបបទឧក្រិដ្ឋកម្មដោយគ្មានត្រាប្រណី Xin បានស្គាល់ពីខ្លួនឯង ហើយប្រឹងរត់គេចពីការតាមសម្លាប់របស់អ្នក​ប្រមាញ់ និង​ តស៊ូប្រយុទ្ធដើម្បីសេរីភាព មុនពេលដែលរូបគាត់ត្រូវក្លាយជារង្វាន់របស់អ្នកប្រមាញ់។ សំនួរមួយដ៏សំខាន់ តើ Xin អាចរត់គេចពីល្បែងដ៏គ្រោះថ្នាក់ និងអាចមានជីវិតរស់នៅដែររឺទេ?