(ភ្នំពេញ)៖ កូនប្រុសទីពីររបស់កំពូលតារាចម្រៀង លំដាប់ប្រទេសលោក ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុន្នីនាគ​ បានបង្ហាញអារម្មណ៍រំភើប ក្រោយទទួលបាន​រថយន្តប្រណិតមួយគ្រឿង ដែលមានតម្លៃដល់ទៅជាង២០ម៉ឺនដុល្លារ ពីលោកឪពុក កំឡុងពេលចេញទៅសម្ដែងនៅឯក្រៅប្រទេស គឺសហរដ្ឋអាមេរិក ជាទឹកដីរបស់លោក ដូណាល់ ត្រាំ។

ជាការពិតណាស់ ថ្មីៗនេះនៅលើទំព័រហ្វេសប៊ុក របស់តារាចម្រៀងវ័យក្មេង សុវត្ថិ មុន្នីនាគ បានបង្ហាញនូវរថយន្តដ៏ប្រណិតរបស់ខ្លួន ម៉ាក​ «DODGE challenger srt demon 2018» ព្រមជាមួយនឹងសារថា «សំណព្វ​ចិត្ត​បាន​មក​ដល់​ហើយ​បាទ! ចំ​ថ្ងៃ​ពិសេស សែន​ក្បាល​ទឹក»។ យ៉ាងណាមិញ រថយន្តដ៏ថ្មីសន្លាងដែលយកចេញដោយ ផ្ទាល់ពីរោងចក្រ នៅសហរដ្ឋអាមេរិកនេះរបស់ សុវត្ថិ មុន្នីនាគ ត្រូវបានគេដឹងថា ជាកាដូរដែលទទួលបានពីលោកឪពុក ​បានទិញឲ្យ ក្នុងពេលដែលទៅសម្ដែង នៅឯសហរដ្ឋអាមេរិកកាលពីមុនពេលបុណ្យចូលឆ្នាំ។

គិត​មក​ដល់​ពេល​នេះ ​មាន​រយៈ​ពេល​ប្រមាណ​ជិត៥ខែ ទើប​រថយន្ត​ប្រណិត​ពេញ​និយម​សម្រាប់​​យុវវ័យ​មួយនេះរបស់ ​សុវត្ថិ មុន្នីនាគ ​បាន​ដឹក​មក​​ដល់ប្រទេសកម្ពុជា​ គឺចំថ្ងៃសែនក្បាល​ទឹកតែម្ដង។

គួរបញ្ជាក់ថា សុវត្ថិ មុន្នីនាគ គឺកូនប្រុសទីពីរ របស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ ដែលបានក្លាយជាតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស រយៈពេលប្រមាណជាងមួយឆ្នាំមកហើយ ដោយបានចេញនូវបទចម្រៀងជាច្រើនបទ មានទាំងបទមនោសញ្ចេតនា និងញាក់កន្រ្តាក់អារម្មណ៍ ហើយក៏សុទ្ធសឹងតែទទួលបានការគាំទ្រពីទស្សនិកជន ពិសេសយុវវ័យ ។

ដោយឡែក សម្រាប់ការចេញទៅសម្ដែងនៅសហរដ្ឋអាមេរិក រយៈពេលជាង៣ខែមកនេះ គឺសុវត្ថិ មុន្នីនាគ បានចេញទៅសម្ដែងជាមួយនឹងលោក ព្រាប សុវត្ថិ និងបងប្អូនប្រុសលោកពីរនាក់ទៀត គឺសុវត្ថិ មុន្នីវណ្ណ និងសុវត្ថិ សិរីវុឌ្ឍ ដោយទទួលបានការអញ្ជើញ និងធានាពីសំណាក់ លោក ហង្ស ឈា ដែលជាអតីតតារាសម្ដែងជើងចាស់ដ៏ល្បីមួយរូប ប្រចាំប្រទេសកម្ពុជាផងដែរ៕