(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះ អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិបានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាពខ្លាំង នៅលើបណ្ដាញទំនាក់ទំនងសង្គម ចំពោះក្រុមជម្រើសជាតិ U-18 កម្ពុជា ទោះបីពួកគេ មិនបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF U-18 Championship 2019 នៅប្រទេសវៀតណាមក៏ដោយ ។

លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្រុមនគរបាលជាតិ ដែលកាន់សញ្ញាប័ត្រ Pro-License ខ្ពស់ជាងគេនៅកម្ពុជា បានលើកឡើងថា មិនថាអ្នកគាំទ្រនោះទេ សូម្បីលោកក៏មិនមោទនភាពដែរ ដែលក្រុម U-18 កម្ពុជា អាចយកឈ្នះក្រុម ដែលមានការអភិវឌ្ឍន៍បាល់ទាត់ជាតិកម្ពុជា ដូចជាថៃ និងវៀតណាម ។ ប៉ុន្ដែនេះគឺជាទស្សនៈរួម ព្រោះវាគឺជាជ័យជម្នះប្រវត្តិសាស្ដ្រ ដែលធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត ។

ប៉ុន្ដែក្រឡេកទៅមើលទស្សនៈទូទៅវិញ ជនជាតិជប៉ុន រួមទាំងលោក Gyotoku Koji គ្រូបង្វឹកក្រុម U-18 ផងដែរ មិនផ្ដោតលើលទ្ធផលប៉ុន្មានទេ គេផ្ដោតលើការអភិវឌ្ឍជាង ជាក់ស្ដែងគ្រប់ការប្រកួតរបស់ក្រុមគោព្រៃជំទង់កម្ពុជា ក្នុងព្រឹត្តិការណ៍ខាងលើ លោក Gyotoku Koji បានផ្លាស់ប្ដូរកីឡាករលេងគ្រប់ៗគ្នា ដែលធ្វើឲ្យលោកពេញចិត្តស្ដូក ចំពោះការធ្វើបែបនេះ ដើម្បីការអភិវឌ្ឍ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ។

លោកបញ្ជាក់ថា «និយាយទូទៅ ជនជាតិជប៉ុន គាត់(Gyotoku Koji) អត់សូវខ្វល់រឿងលទ្ធផលទេ គាត់គិតរឿងអភិវឌ្ឍន៍ ដូចយើងឃើញគ្រប់ការប្រកួត គាត់ប្ដូរកីឡាករ​លេងទាំងអស់....។ ជារួមបើយើងប្រៀបធៀបជាមួយប្រទេសផ្សេងៗ គឺខ្មែរយើងខ្លាំង ព្រោះយើងផ្ដល់ឱកាសឲ្យកីឡាករលេងទាំងអស់ ផ្ទុយពីម៉ាឡេស៊ី អូស្ដ្រាលី និងវៀតណាម ដែលដាក់កីឡាករល្អៗ លេងគ្រប់ប្រកួត ដើម្បីដណ្ដើមជ័យជម្នះ»

លោកបានវាយតម្លៃខ្ពស់ ចំពោះយុទ្ធសាស្ដ្រមួយនេះ រហូតលោកសង្កត់ធ្ងន់ថា «ខ្ញុំគាំទ្រ ព្រោះបើយើងចង់បានផលនៅស៊ីហ្គេម ឆ្នាំ២០២៣ យើងខ្លាចអី នឹងចាញ់ពេលនេះ តែបើយើងចង់បានលទ្ធផលពេលហ្នឹង យើងដាក់តែកីឡាករល្អៗទៅ លេងបានហើយ» ។ ដូច្នេះលោកបានស្នើឲ្យក្រុមយុវជនបាទី ពិសេសក្លឹបលីគកំពូលកម្ពុជា ត្រូវផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងបង្ហាញសមត្ថភាពក្នុងលីគ ដើម្បីរួមគ្នាបង្កើតក្រុមជម្រើសជាតិមួយខ្លាំងនាថ្ងៃអនាគត ។

គួរដឹងថា ក្រុមជម្រើសជាតិ U-18 កម្ពុជា បានបញ្ចប់ការប្រកួតពានរង្វាន់ AFF U-18 Championship 2019 នៅវៀតណាម ដោយឈរលេខ៤ ក្នុងពូល B ជាមួយលទ្ធផល ៥ប្រកួតឈ្នះ២ និងចាញ់ ៣ ។ ចំពោះជ័យជម្នះ ២ប្រកួត គឺឈ្នះក្រុម U-18 ថៃ ៤-៣ និងឈ្នះ U-18 វៀតណាម ២-១ ។ ជ័យជម្នះនេះហើយ ដែលធ្វើឲ្យអ្នកគាំទ្រកម្ពុជាពេញចិត្ត ទោះមិនបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយនាវេលាម៉ោង ៥ល្ងាចនេះ ពួកគេនឹងធ្វើដំណើរមកដល់មាតុភូមិវិញហើយ៕