(ភ្នំពេញ)៖ ប៉ុន្មានម៉ោងមុននេះមានការចែករំលែកពេញបណ្តាញសង្គម នូវដំណឹងរបស់តារាចម្រៀងជើង​ចាស់ដ៏ល្បីល្បាញមួយរូប នាទសវត្សឆ្នាំ៦០​ គឺអ្នកម្នាង​ សៀងឌី។​ ក្នុងនោះមានការបញ្ជាក់ថា​ អតីតតារាចម្រៀងរូបនេះ​ កំពុងស្ថិតក្នុងមន្ទីពេទ្រសង្គ្រោះបន្ទាន់នៅសហរដ្ឋអាមេរិក​ បន្ទាប់ពីបានដួលបោកក្បាល​ធ្ងន់ធ្ងរ។

ជាក់ស្តែង បើយោងតាមផេកហ្វេសប៊ុករបស់ក្រុមព្រះសុរិយា បានបង្ហោះរូបភាពអតីតតារា​ចម្រៀង អ្នកម្នាង​ សៀងឌី​​ អំឡុងពេលស្ថិតក្នុងមន្ទីពេទ្រ ភ្ជាប់ជាមួយនឹងសារថា៖ «ក្រុមព្រះសុរិយាទាំងមូល សូមបួងសួងដល់វត្ថុសក្តិសិទ្ធិនានា ​នៅលើលោក​ និងព្រះបារមីអតីតព្រះមហាក្សត្រ​ ព្រះមហាក្សត្រីយានីគ្រប់ជំនាន់​ ជួយឲ្យអ្នកម្នាង​ ស៊ីសុវត្ថិ​ សៀងឌី​ រួចផុតពីគ្រោះចង្រៃនេះផង។ នៅពេលនេះ អ្នកម្នាងកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យមួយ នាសហរដ្ឋអាមេរិក​ ក្រោយពីអ្នកម្នាងដួល​ត្រូវក្បាលនាព្រឹកមិញនេះម៉ោងនៅប្រទេសកម្ពុជា។ អ្នកម្នាង​ ស៊ីសុវត្ថិ​ សៀងឌី​ ជាអ្នកចម្រៀងដ៏ល្បីល្បាញ នៃវង់តន្រ្តីយោធាភិរម្យ និងសុរាគារខ្មែរ នាទសវត្សឆ្នាំ៦០សម័យសង្គមរាស្រ្តនិយម»

ទន្ទឹមគ្នានេះងាកមកហ្វេសប៊ុកមួយឈ្មោះ Ah Da ក៏បានបង្ហោះសារដែរថា «នាងខ្ញុំ និងអ្នកបង ស្រី សុធារី ព្រមទាំងអ្នកជិតខាងផ្សេងទៀត​មកមើលអ្នកម្នាងមីង ស៊ីសុវត្ថ​ សៀង ឌី​ នៅមន្ទីពេទ្រសង្គ្រោះបន្ទាន់ Lakewood Meidical Center សូមជូនដំណឹងនេះដល់មិត្តភ័ក្តិ បងប្អូនសាច់ញាតិទាំងអស់បានជ្រាប់ផង ព្រោះគាត់បានដួលត្រូវក្បាលធ្ងន់ធ្ងរណាស់ គឺបែកសរសៃឈាមក្នុងខួរក្បាលមិនដឹងជាយ៉ាងណាទេ»

យ៉ាងណាមិញ ក្រោយទទួលបាននូវដំណឹងនេះហើយ មានសាច់ញាតិបងប្អូន ទស្សនិកជនដែលនិយមគាំទ្រអ្នកម្នាងពីដើមមក បាននាំគ្នាជូនពរអ្នកម្នាងគ្រប់ៗគ្នា ឲ្យទទួលបាននូវភាពប្រសើរឡើងវិញ​ និងឆ្លងផុតនូវគ្រោះចង្រៃមួយនេះផងដែរ៕