(បាងកក)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងបើកយុទ្ធនាការប្រកួតផ្លូវការ នៃពានរង្វាន់ AFF Women’s Championship 2019 នាវេលាម៉ោង ៦ល្ងាចនេះហើយ ដោយត្រូវជួបក្រុមខ្លាំងវៀតណាមមុនគេ ក្នុងពូល B នៅខេត្តឈុនបូរី ប្រទេសថៃ ។

គួរដឹងថា មុនការប្រកួតផ្លូវការមកដល់ ក្រុមជម្រើសជាតិនារីកម្ពុជា បានចេញទៅប្រទេសថៃ ដើម្បីហ្វឹកហាត់អស់រយៈពេលជិត ១សប្ដាហ៍មកហើយ បន្ទាប់ពីប្រមូលផ្ដុំហ្វឹកហាត់ក្នុងស្រុកក្បែរ ១០ថ្ងៃ ។ លើសពីនេះ ក្រុមដឹកនាំដោយលោក អ៊ុ សាវង្ស នេះ ក៏បានធ្វើការប្រកួតមិត្តភាពអន្ដរជាតិមួយចំនួន ជាមួយក្រុមម្ចាស់ផ្ទះថៃទៀតផង ។

លោក អ៊ុ សាវង្ស បានបញ្ជាក់ថា បន្ទាប់ពីធ្វើការប្រមូលផ្ដុំ ក្រុមរបស់ខ្លួន បានធ្វើការយ៉ាងខ្លាំង ហើយក៏បានធ្វើការប្រកួតដកស្រង់បច្ចេកទេសមួយចំនួនដែរ ។ ហេតុនេះក្រុមជម្រើសជាតិនារីកម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីត្រៀមការប្រកួតដ៏សំខាន់ នៃព្រឹត្តិការណ៍ប្រចាំតំបន់នេះ ពិសេសការប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិវៀតណាមល្ងាចនេះតែម្ដង ។

សូមបញ្ជាក់ថា នៅក្នុងពូល B ជាមួយក្រុមជម្រើសជាតិនារីកម្ពុជា គឺមានគូប្រជែង ៣ក្រុមទៀត ដែលសុទ្ធតែក្រុមខ្លាំងៗ ដូចជាវៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ីជាដើម ។ ចំពោះកម្មវិធីប្រកួតបន្ទាប់ពីជួបវៀតណាម ក្រុមជម្រើសជាតិនារីកម្ពុជា នឹងបន្ដជួបមីយ៉ាន់ម៉ា នាថ្ងៃទី១៨ ខែសីហា និងប្រកួតចុងក្រោយប៉ះក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី នាថ្ងៃទី២០ ខែសីហាដដែល នៅខេត្តឈុនបូរី ប្រទេសថៃ៕