(ភ្នំពេញ)៖ ថ្មីៗនេះលេចឮដំណឹងថា តារាកំប្លែង និងជាពិធីករដ៏មានប្រជាប្រិយភាព នាយព្រែក និងគូដណ្ដឹង បានចែកផ្លួវគ្នាដើររៀងៗហើយ ក្រោយពីពួកគេបានភ្ជាប់ពាក្យ ជាមួយគ្នាអស់រយៈពេលជិត៣ឆ្នាំ ដំណឹងនេះធ្វើអោយទស្សនិកជន មានការចាប់អារម្មណ័ជាខ្លាំង ខណៈកន្លងមក អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែម ដាក់គ្នាទៅវិញមក និងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស ជាមួយគ្នាជាញឹកញាប់​ មិននឹកស្មានថា អ្នកទាំងពីរស្រាប់តែបែកបាក់គ្នាសោះ។

នៅលើគណនីហ្វេសប៊ុក របស់គូដណ្ដឹងនាយព្រែក ដែលគេស្គាល់ថា មានឈ្មោះ ជា ស្រីតី បានបង្ហោះសាររៀបរាប់ថា៖​ «កាលដែលវិលត្រឡប់មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែងដែលតែងតែធ្វើឲ្យឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តម្លៃទើបយើង ដឹងថាជីវិតរបស់យើងមានន័យបំផុត​។ ទោះបីជាកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធ ចាត់ទុកជាមេរៀនជីវិត សំខាន់ពេលនេះ មានអារម្មណ៍ថាធូរស្រាល Single Life»

យ៉ាងណាមិញ ឆ្លើយតបនឹងរឿងរ៉ាវប្រះឆា បែកបាក់គ្នានេះ នាយព្រែក ក៏បានទទួលស្គាល់ថា នៅពេលនេះរូបលោកនឹងគូដណ្ដឹង ពិតជាបានផ្ដាច់ពាក្យនឹងគ្នាមែន ដោយ​លោកបានលើកហេតុផលថា ដោយសារតែនិស្ស័យបានសាងជាមួយគ្នា តែត្រឹមហ្នឹង ក្នុងនោះនាយព្រែកក៏បានបញ្ជាក់​ថា លោកនឹងគូដណ្ដឹង បានចែកផ្លូវគ្នាដើររៀងៗខ្លួនជិតមួយខែមកហើយ។

គួរបញ្ជាក់ថា នាយព្រែក និងអតីតគូដណ្ដឹងបានភ្ជាប់ពាក្យជាមួយគ្នា កាលពីដើមខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ដោយគិតមកទល់បច្ចុប្បន្ន ចំណងស្នេហ៍ទាំងពីរ គឺមាន​រយៈពេលជិត៣ឆ្នាំហើយ។ យ៉ាងណាឈ្មោះជាគូដណ្ដឹងរបស់នាយព្រែក និងគូស្នេហ៍ ត្រូវបានប្រេះឆាគ្នាទៅវិញ ក្រោយពីសាម៉ីខ្លួនទាំងពីរបានចេញមុខអះអាងថា បានផ្ដាច់ពាក្យនឹងជាជិត១ខែមកហើយ៕